(ញូយ៉ក)៖ អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ចាង ជុន (Zhang Jun) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅញូយ៉ក) បានអំពាវនាវឱ្យមានការបន្ធូរបន្ថយជម្លោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈយោធានៅតែបន្តបង្កើនការបង្រ្កាបលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។
ការអំពាវនាវខាងលើរបស់លោក Zhang Jun បានធ្វើឡើងបន្ទាប់ពី សមាជិកក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ទាំង ១៥ប្រទេស ក្នុងនោះរួមមានទាំងចិនផងដែរ បានឯកភាពគ្នាថ្កោលទោសសកម្មភាពបង្រ្កាបរបស់ យោធាមីយ៉ាន់ម៉ាជាលើកដំបូង ចាប់តាំងរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់ លោកស្រី អោង សាន ស៊ូ ជី ត្រូវបានទម្លាក់អំណាចកាលពីខែកុម្ភៈមក។
លោក Zhang Jun បានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «បច្ចុប្បន្ន គឺជាពេលត្រូវបន្ធូរបន្ថយជម្លោះ, ជាពេលសម្រាប់ការទូត, ជាពេលសម្រាប់កិច្ចសន្ទនា។ ចិនបានចូលរួមក្នុងការចេញសេចក្តីថ្លែងការណ៍ ប្រកបដោយលក្ខណៈស្ថាបនា។ វាពិសេសជាសំខាន់ណាស់សម្រាប់សមាជិក ក្រុមប្រឹក្សា (UNSC) ក្នុងការបញ្ចេញសំឡេងតែមួយ។ យើងសង្ឃឹមថា សាររបស់ក្រុមប្រឹក្សានេះនឹងមានអំណោយផល ដល់ការបន្ធូរបន្ថយស្ថានការណ៍តានតឹង នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
ព្រមពេលជាមួយគ្នានោះដែរ លោកអគ្គរដ្ឋទូតចិនបានបន្ថែមទៀតថា សហគមន៍អន្តរជាតិគួរតែបង្កើត បរិយាកាសងាយស្រួលមួយ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីអាចឱ្យពួកគេដោះស្រាយការខ្វែងគំនិតគ្នា នៅក្រោមរដ្ឋធម្មនុញ្ញ និងក្របខណ្ឌច្បាប់៕