(អឺរ៉ុប)៖ សហភាពអឺរ៉ុបនឹងដាក់ចេញនូវវិញ្ញាបនប័ត្រមួយ ដែលអាចជួយសម្រួលដល់ការធ្វើដំណើរ សម្រាប់អ្នកដែលបានទទួលចាក់វ៉ាក់សាំងដែលត្រូវបានអនុម័តដោយសហគមន៍អ៊ឺរ៉ុប ព្រមទាំងវ៉ាក់សាំងដទៃទៀតដូចជាវ៉ាក់សាំងចិននិងរុស្ស៊ីជាដើមផងដែរ ដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាក់ជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BNN Bloomberg នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។
បើយោងតាមប្រភពពីមនុស្សដែលស្និតជាមួយបទបញ្ញត្តិរបស់គណៈកម្មការអឺរ៉ុបបានឲ្យដឹងថា «ប័ណ្ណកូវីដ ឬវិញ្ញាបនប័ត្របៃតងឌីជីថលរបស់សហភាពអ៊ឺរ៉ុប» នឹងមានឯកសារចំនួន៣ ដែលបញ្ជាក់ថាតើអ្នកណាខ្លះដែលបានទទួលវ៉ាក់សាំងរួចរាល់ និងលទ្ធផលតេស្តកូវីដ-១៩ ព្រមទាំងព័ត៌មានលម្អិតអំពីថាតើពួកគេបានជាសះស្បើយពីជំងឺកូវីដ-១៩ ដែរឬទេ?
សហភាពអឺរ៉ុបកំពុងស្វះស្វែងយ៉ាងខ្លាំង ដើម្បីបង្កើតប្រព័ន្ធមួយដែលនឹងអនុញ្ញាតឲ្យរដ្ឋជាសមាជិកទាំង២៧ប្រទេស និងប្រទេសនៅតំបន់សេដ្ឋកិច្ចអឺរ៉ុប អាចបើកទ្វាររបស់ខ្លួនឡើងវិញសម្រាប់ការធ្វើដំណើរ ជាមួយនឹងការព្យាយាមទប់ស្កាត់កុំឲ្យជំងឺរាតត្បាតសកល COVID-19 មានការកើនឡើង។ កាលពីខែមុន មេដឹកនាំប្លុកនេះបានព្រមព្រៀងគ្នាជាឯកច្ឆន្ទលើគម្រោងបង្កើតវិញ្ញាបនប័ត្រវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងជាអាទិភាពសម្រាប់ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ដូចជាប្រទេសក្រិក និងស៊ីបជាដើម។
បើយោងតាមសេចក្តីព្រាងនាពេលបច្ចុប្បន្នដែលអាចមានការផ្លាស់ប្តូរបានឲ្យដឹងថា សំណើនេះមានគោលបំណងជួយសំរួលដល់ការអនុវត្តសិទ្ធិក្នុងការធ្វើដំណើដោយសេរី នៅក្នុងសហគមន៍អ៊ឺរ៉ុបក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 នេះ ដោយបង្កើតក្របខ័ណ្ឌរួមមួយ សម្រាប់ការចេញជូននិងការទទួលស្គាល់វិញ្ញាបនប័ត្រ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំង ការធ្វើតេស្តនិងការជាសះស្បើយពីជំងឺឡើងវិញ។
តាមប្រភពដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លិខិតឆ្លងដែនវ៉ាក់សាំងនឹងគ្របដណ្តប់គ្រប់ប្រភេទវ៉ាក់សាំងបង្ការជំងឺ COVID-19 ទាំងអស់ ដែលត្រូវបានអនុញ្ញាតិដោយទីភ្នាក់ងារឱសថអឺរ៉ុប ព្រមទាំងវ៉ាក់សាំងដទៃទៀតដែលត្រូវបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ករណីបន្ទាន់ នៃប្រទេសនីមួយៗដូចជាវ៉ាក់សាំងចិននិងរ៉ុស្ស៊ីផងដែរ៕