(ឡុងដ៍)៖ មីយ៉ាន់ម៉ាបានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំចក្រភពអង់គ្លេសត្រឡប់មកស្រុកវិញ បន្ទាប់ពីលោកបានបង្ហាញជំហរប្រឆាំងរដ្ឋប្រហារដោយ យោធា ហើយស្នើឱ្យដោះលែងលោកស្រី អោង សាន ស៊ូជី និងអ្នកដែលកំពុងជាប់ឃុំឱ្យមានសេរីភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។
នៅក្នុងបទសម្ភាសន៍ជាមួយ BBC នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ក្យ៉ ស្វ័រ មីន (Kyaw Zwar Minn) បានលើកឡើងថាប្រទេសរបស់លោកកំពុងបាក់បែកគ្នា ដែលងាយនឹងធ្លាក់ចូលក្នុងហានិភ័យផ្ទុះសង្រ្គាមស៊ីវិល។ លោក Kyaw Zwar Minn ដែលជាអតីតវរសេនីយ៍ឯកម្នាក់បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមិនចង់ ឃើញប្រជាជនមីយ៉ាន់ម៉ាស្លាប់នោះទេ...ដូច្នេះខ្ញុំសូមអំពាវនាវឱ្យក្រុមបាតុករ និងយោធាបញ្ឈប់ត្រឹមហ្នឹង។ ដ្បិតប្រទេសមួយនេះបានបែកបាក់រួចទៅហើយ ដែលងាយនឹងធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។
លោកបន្ថែមទៀតថា៖ «លោកស្រី ស៊ូជីជាអ្នកតែងតាំងរូបខ្ញុំ ហើយខ្ញុំនឹងបន្តអនុវត្តតាមបញ្ជារបស់គាត់។ ខ្ញុំស្នើឱ្យដោះលែងលោកស្រី ស៊ូជី និងលោកប្រធានាធិបតី យូ វីន មីយីង (U Win Myint)... ដំណោះស្រាយមិនមែនស្ថិតនៅក្នុងទីក្រុងញូយ៉ក ឬក៏នៅក្នុងទីក្រុងឡុងដ៍នោះទេ តែវាស្ថិតនៅក្នុងរដ្ឋធានីណៃពិដោ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Kyaw Zwar Minn ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab ដែល បានចាត់ទុករូបលោកជាជនក្លាហាន និងអ្នកស្នេហាជាតិ។ ដោយឡែកកាលពីសប្ដាហ៍មុន ស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងវ៉ាស៊ីនតោនក៏បានចេញ សេចក្ដីថ្លែងការណ៍ថ្កោលទោសការសម្លាប់ជនស៊ីវិលនៅក្នុងបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារ អមជាមួយការអំពាវនាវឱ្យគ្រប់ភាគីនៅមីយ៉ាន់ម៉ា រក្សាការអត់ធ្មត់ជាអតិបរិមា៕