(វ៉ាស៉ីនតោន)៖ មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក កាលពីថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា កូរ៉េខាងជើងគឺជាការគំរាមកំហែងដ៏ធំបំផុតមួយ ចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំងឡាយ ដែលស្ថិតនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកដូចជា ប្រទេសកូរ៉េខាងត្បូងជាដើម ដែលស្ថិតនៅកៀកបង្កើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Yonhap នៅរសៀលថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។
មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក លោក ហ្វីល ដេវីដសុន (Phil Davidson) បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់គណៈកម្មាធិការយោធា នៃព្រឹទ្ធសភាអាមេរិកយ៉ាងដូច្នេះថា «កូរ៉េខាងជើងកំពុងបង្កហានិភ័យផ្នែកសន្តិសុខខ្លាំងក្លាបំផុត ចំពោះសហរដ្ឋអាមេរិក និងបណ្តាដៃគូយើងនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ ប្រទេសនេះមិនបានចាត់វិធានការ ដ៏មានអត្ថន័យណាមួយ ដើម្បីឆ្ពោះទៅរកការរំសាយ អាវុធនុយក្លេអ៊ែររបស់ខ្លួននោះឡើយ ទោះមានសញ្ញានៃថុះអន់ថយនូវភាពតានតឹង កាលពីក្នុងឆ្នាំ២០១៨ក៏ដោយ»។
លោក Davidson បានអះអាងទៀតថា កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍ ប្រព័ន្ធសព្វាវុធមីស៉ីល-នុយក្លេអ៊ែរ ដែលរចនាឡើងជាពិសេស សម្រាប់វាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ លោកបានកត់សម្គាល់ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបតែបានបង្ហាញជំហរតតាំងជាថ្មីម្តងទៀតចំពោះអាមេរិក ដោយកាលពីដើមឆ្នាំ២០២១នេះ លោក គីម បានប្រកាសចាត់ទុក អាមេរិកជាគូសត្រូវធំបំផុតរបស់កូរ៉េខាងជើង ហើយប្តេជ្ញាពង្រឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ជាចុងក្រោយ មេទ័ពផ្កាយ៤អាមេរិកមួយនេះបានសង្កត់ធ្ងន់ថា ដរាបណាស្ថានការណ៍នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នៅតែមិនទាន់អាចដោះស្រាយរួចទេនោះ កូរ៉េខាងជើងនឹងនៅតែជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសហរដ្ឋអាមេរិកផ្ទាល់ ក៏ដូចជាបណ្តាសម្ព័ន្ធមិត្ត នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកដដែល៕