(សេអ៊ូល)៖ កូរ៉េខាងត្បូងបានយល់ព្រមបង្កើនការចំណាយ សម្រាប់កងទ័ពអាមេរិក ដែលកំពុងឈរជើងនៅលើទឹកដីរបស់ខ្លួនរហូតដល់ ១៣.៩ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។
នៅក្រោមកិច្ចព្រមព្រៀងខាងលើ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៥ ទីក្រុងសេអ៊ូលបានយល់ព្រមបង់ប្រាក់ ១.១៨៣ទ្រីលានវ៉ុន ឬស្មើនឹងជាង ១.០៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១នេះ សម្រាប់កងទ័ពអាមេរិកចំនួន ២៨,៥០០នាក់ ដែលកំពុងឈរនៅលើទឹកដីកូរ៉េខាងត្បូង។ ការបង់ប្រាក់លើកងទ័ពអាមេរិករបស់កូរ៉េខាងត្បូង នៅក្នុងឆ្នាំនេះគឺបានកើនឡើងទ្វេដងបើធៀបទៅនឹងឆ្នាំ២០១៩ ដែលមានត្រឹមតែ ១.០៣៨ទ្រីលានវ៉ុន និងជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០០២មក។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កើតមានឡើងនៅចំពេលមានការព្រមានថាបើសិនជានៅតែបន្តពន្យារពេល ឬកិច្ចចរចាជាប់គាំង វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខពីសំណាក់កូរ៉េខាងជើង ឬក៏អាចធ្វើឱ្យល្អក់កករដល់ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២ផងដែរ៕