(ប៉េកាំង)៖ នៅក្នុងឆ្នាំ២០២០ ជាពេលដែលជំងឺកូវីដ១៩ បានចាប់ផ្តើមផ្ទុះរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក និងការវិនិយោគជាសកលមានភាពថមថយចុះ ការប្រើប្រាស់ទុនបរទេសជាក់ស្តែងនៃប្រទេសចិនបានកើនឡើង៦.២ភាគរយ ផ្ទុយនឹងនិន្នាការ ដែលបានក្លាយជា ប្រទេសមានលំហូរចូលទុនបរទេសច្រើនបំផុត នៅទូទាំងពិភពលោក។
ឈានចូលឆ្នាំ២០២១ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានរក្សានិន្នការកើនឡើងជាបន្តបន្ទាប់។ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អត្រាបើកការដ្ឋាន និងស្តារផលិតកម្មឡើងវិញនៃគម្រោងវិនិយោគ និងអត្រាបើកការដ្ឋាននៃសហគ្រាសសំណង់ សុទ្ធតែខ្ពស់ជាងឆ្នាំមុនៗ។ ទំហំនាំចេញនាំចូលសរុបពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២១ បើគិតតាមប្រាក់យាន់ចិន បានកើនឡើង៣២.២ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
ក្នុងបរិបទដែលបានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងទំហំបណ្តាក់ទុនផ្ទាល់ឆ្លងដែនជាសកល បានធ្លាក់ចុះយ៉ាងខ្លាំង ហេតុអ្វីបានជាប្រទេសចិនអាចបំបែកកំណត់ត្រាថ្មី ផ្ទុយនឹងនិន្នាការក្នុងការកៀរគរការវិនិយោគបរទេស? ប្រការនេះមិនអាចឃ្លាតពីវិធានការបើកទូលាយមួយចំនួន និងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ស្តីពីដំណើរវិលជុំទាំងជាតិនិងអន្តរជាតិ ដែលបានតាក់តែងដោយប្រទេសចិន។
«ដំណើរវិលជុំទាំងជាតិនិងអន្តរជាតិ» បានក្លាយជាពាក្យក្តៅមួយនៃការអភិវឌ្ឈរបស់សេដ្ឋកិច្ចចិន។ ក្នុងអំឡុងពេលមហាសន្និបាត នៃសភាទាំងពីររបស់ប្រទេសចិននៅឆ្នាំនេះ «ដំណើរវិលជុំទាំងជាតិនិងអន្តរជាតិ» ត្រូវពិភាក្សាគ្នាយ៉ាងសកម្មម្តងទៀត។ យ៉ាងណាមិញ មជ្ឈដ្ឋានខាងក្រៅនៅតែមានការយល់ច្រឡំអំពីបញ្ហានេះ ឧទាហរណ៍ដូចជា មានការព្រួយបារម្ភថា តើប្រទេសចិននឹងបន្តបើកទូលាយឬអត់ និងតើការបង្កើតជាទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លានឹងបង្រួញតូចនូវ ចន្លោះសម្រាប់ការវិនិយោគរបស់ ពាណិជ្ជករបរទេសឬអត់ជាដើម។
វាច្បាស់ណាស់ថា ការងឿងឆ្ងល់ស្រដៀងគ្នានេះ គឺមានការយល់ច្រឡំចំពោះទំនាក់ទំនងរវាង «ដំណើរវិលជុំទាំងជាតិនិងអន្តរជាតិ»។ ដោយឡែកវាមិនមែនជាដំណើរវិលជុំបែបបិទទ្វារនិងឯកឯងនោះទេ ហើយក៏មិនមែនមានបដិបក្ខគ្នាផងដែរ តែគឺមានតម្រូវការទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនដែលបានលើកជូនពិនិត្យពិភាក្សា គោលនយោបាយជាយុទ្ធសាស្រ្ត ស្តីពីការពង្រីកតម្រូវការក្នុងស្រុក ត្រូវបានសង្កត់ធ្ងន់ម្តងទៀត។ នេះមានន័យថា ប្រទេសចិននឹងត្រួសត្រាយយ៉ាងពេញលេញនូវ សក្តានុពលនៃទីផ្សារក្នុងស្រុកដើម្បីនាំមកនូវ «ទីផ្សារសកល» មួយដែលត្រូវបានលើកកម្ពស់គុណភាព និងពង្រីកឱកាសសហប្រតិបត្តិការ ដល់ពិភពលោកទាំងមូល។
ជាពិសេស ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ រដ្ឋាភិបាលចិនបានគ្រោងផែនការ ដោយគ្រប់ជ្រុងជ្រោយលើវិស័យការអប់រំ ឱកាសការងារ ការធានារ៉ាប់រងផ្នែកសុខាភិបាល និងការធានាជីវិភាពមនុស្សចាស់ជរាជាដើម ក៏ដូចជាខំប្រឹងប្រែងរកគ្រប់មធ្យោបាយដើម្បី «បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋតាមរយៈវិធីសាស្ត្រជាច្រើន» ក្នុងន័យធ្វើឱ្យប្រជាជនកាន់តែខិតជិតនឹង ជីវភាពល្អបវរដែលជាក្តីប្រាថ្នារបស់ខ្លួន ពីមួយថៃ្ងទៅមួយថៃ្ង។
លើសពីនេះទៅទៀត ស្ថិតក្រោមនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី អ្វីដែលប្រទេសចិនគ្រោងនឹងបង្កើតឡើងគឺ សេដ្ឋកិច្ចជាតិដែលដំណើរការនីមួយៗ ដូចជា ផលិតកម្ម ការចែកចាយ ចរាចរនិងការប្រើប្រាស់មានភាពរលូន ក៏ដូចជាអាចសម្រេចបាននូវតុល្យភាព នៃការផ្គត់ផ្គង់និងតម្រូវការព្រមនិងកកើត ទៅជាដំណើរវិលជុំវិជ្ជមានផងដែរ។ ប្រការនេះនឹងផ្តល់កិច្ចសម្រួលកាន់តែច្រើនឡើងៗ ដល់ការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិនិងកាត់បន្ថយដើមទុនសម្រាប់សហគ្រាស។
ក្នុងរយៈពេលជាង៤០កន្លងទៅនេះ ប្រទេសចិនបានទទួលផលប្រយោជន៍ជាច្រើន ពីកំណែទម្រង់និងការបើកទូលាយ ពួកយើងដឹងច្បាស់ថា ប្រសិនបើចង់សម្រេចបាននូវការអភិវឌ្ឍដែលមានគុណភាពកាន់តែខ្ពស់ នោះចាំបាច់ត្រូវពង្រីកការបើកទូលាយ ថែមមួយកម្រិតទៀត ហើយរក្សាការប្រាស្រ័យទាក់ទង និងអន្តរកម្មកាន់តែជិតស្និទ្ធជាមួយសេដ្ឋកិច្ចសកល។ បើនិយាយចំពោះប្រទេសចិន ការបើកទូលាយមានតែដំណើរការជាបន្តបន្ទាប់ តែមិនគ្មានទីបញ្ចប់នោះទេ៕