(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៥,៦៨៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៧០៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,៨០១,៥០៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៤០,៥៧៤នាក់ និងជាសះស្បើយឡើងសរុប ២០,៥៤៩,៦៧៨នាក់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏នៅតែបន្តសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺនេះ ជូនដល់ប្រជាជនរបស់ខ្លួន ដោយគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រជាជនអាមេរិក ៩១លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ក្នុងនោះ ៦០លាននាក់់ទទួលបានការចាក់ដូសដំបូង និង ៣១លាននាក់ទៀត ទទួលបានពីរដូសរួចរាល់។
អ្នកជំនាញអាមេរិកបានបន្តព្រមានថា ទោះបីជាករណីឆ្លង COVID-19 នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់មែន ប៉ុន្តែគ្រប់គ្នាគួរតែបន្តការពាក់ម៉ាស់ និងអនុវត្តវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់រលកថ្មីនៃការឆ្លង។ ដោយឡែករដ្ឋបាលលោក ចូ បៃដិន កាលពីដើមសប្តាហ៍នេះ ក៏បានប្រកាសផងដែរថា ពលរដ្ឋអាមេរិកដែលចាក់វ៉ាក់សាំងរួច អាចធ្វើការជួបជុំគ្នាក្នុងទ្រង់ទ្រាយតូច ដោយមិនបាច់ពាក់ម៉ាសក៏បាន ប៉ុន្តែពួកគេមិនគួររៀបចំធ្វើដំណើរ ទៅកាន់ទីណាឡើយ ជាពិសេសកន្លែងដែលមានការរាតត្បាត COVID-19 ធ្ងន់ធ្ងរ៕