(ប៉េកាំង)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានសម្តែងការអបអរសាទរ ចំពោះប្រធានាធិបតីចិនលោកស៊ី ជីនពីង ក្នុងឱកាសដែលបានប្រកាសពីការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។
លោក Guterres បានមានប្រសាសន៍ថា «ខ្ញុំសូមសំដែងការអបអរសាទរដ៏ស្មោះបំផុតចំពោះរដ្ឋាភិបាលរបស់អ្នក និងចំពោះអ្នកផ្ទាល់(ស៊ី ជីនពីង)»។
ដោយកត់សម្គាល់ថា ពេលនេះថាជាសមិទ្ធិផលលេចធ្លោមួយ និងជាការចូលរួមចំណែកដ៏សំខាន់ក្នុងការសម្រេចបាននូវពិភពលោកមួយដែលកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ជាងមុន ដូចដែលបានគ្រោងទុកនៅក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព លោកអគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា «ខ្ញុំសូមសរសើរចំពោះចក្ខុវិស័យ និងការដឹកនាំរបស់អ្នក(ស៊ី ជីនពីង)»។
លោក Guterres បន្ថែមថា «លទ្ធផលដ៏អស្ចារ្យនេះ គឺជាហេតុផលសម្រាប់ក្តីសង្ឃឹម និងជាការជម្រុញដល់សហគមន៍នៃប្រជាជាតិទាំងអស់...វាបង្ហាញពីសារៈសំខាន់នៃការប្តេជ្ញាចិត្តនយោបាយនៅគ្រប់កម្រិតទាំងអស់ នៃរដ្ឋាភិបាលចិន ក៏ដូចជាស្ថេរភាពគោលនយោបាយដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌរបស់ជនក្រីក្រនិងងាយរងគ្រោះបំផុត»។
មិនតែប៉ុណ្ណោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានបង្ហាញនូវជំនឿចិត្តថា«ប្រទេសចិននឹងបន្តធ្វើឲ្យមានការរីកចម្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទៅមុខទៀត ដោយទុកឲ្យនរណាម្នាក់ត្រូវបានគេបោះបង់ឡើយ៕