(អ៊ឺរ៉ុប)៖ ស្ថាប័នពាណិជ្ជកម្មមួយបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនផលិតឱសថអ៊ីតាលី- ស្វ៊ីស បានយល់ព្រមទទួលផលិតវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ីតាលី ដែលជាកិច្ចព្រមព្រៀងដំបូងគេនៅក្នុងសហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the Strait Times នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។
អ្នកនាំពាក្យសភាពាណិជ្ជកម្មអ៊ីតាលី-រុស្ស៊ីលោក Stefano Maggi បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «វ៉ាក់សាំងនេះ នឹងត្រូវចាប់ផ្តើមផលិតចាប់ពីខែកក្កដា ឆ្នាំ ២០២១ ដោយរោងចក្រផលិតឱសថរបស់ក្រុមហ៊ុន Adienne ស្ថិតក្នុងតំបន់ Lombardy ភាគខាងជើងប្រទេសអ៊ីតាលី»។
លោកបន្ថែមថា «វ៉ាក់សាំងចំនួន ១០លានដូសនឹងត្រូវផលិតនៅចន្លោះថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី ១ខែមករាឆ្នាំ២០២២» ដោយបានពណ៌នាថាវាថាជា«កិច្ចព្រមព្រៀងកម្រិតអឺរ៉ុបដំបូងគេ សម្រាប់ការផលិតវ៉ាក់សាំង Sputnik នៅលើទឹកដីសហភាពអឺរ៉ុប»។
គួរបញ្ជាក់ថា បណ្តាប្រទេសសហភាពអ៊ឺរ៉ុបមួយចំនួន បានចាប់ផ្តើមចែកចាយ Sputnik V រួចស្រេចទៅហើយ ប៉ុន្តែវ៉ាក់សាំងមួយនេះមិនទាន់ត្រូវបានអនុម័តដោយនិយតករឱសថរបស់ប្លុកនៅឡើយទេ។ រហូតមកដល់ពេលនេះសហភាពអ៊ឺរ៉ុបបានអនុម័តឲ្យប្រើប្រាស់នូវវ៉ាក់សាំងចំនួន៣ប្រភេទ គឺវ៉ាក់សាំង Pfizer / BioNTech របស់អាមេរិក-អាល្លឺម៉ង់ និងវ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិក និងមួយទៀតគឺវ៉ាក់សាំង AstraZeneca / Oxford របស់អង់គ្លេស-ស៊ុយអែត៕