(ប៉េកាំង)៖ ប្រទេសចិនបានចាប់ផ្ដើមដំណើរការហើយនូវកម្មវិធីចេញវិញ្ញាបនបត្រសុខភាពសម្រាប់អ្នកដំណើរនៅក្នុងស្រុក ដែលនេះជាការនាំមុខគេនៅក្នុងផែនការដែល គេស្គាល់ថា «លិខិតឆ្លងដែនវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19)»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។
វិញ្ញាបនប័ត្រឌីជីថល ដែលបង្ហាញពីស្ថានភាពនៃការចាក់វ៉ាក់សាំង និងលទ្ធផលធ្វើតេស្តរកវីរុស COVID-19 របស់អ្នកប្រើប្រាស់គឺមានសម្រាប់ពលរដ្ឋចិនហើយតាមរយៈកម្មវិធី នៅលើបណ្ដាញសង្គមចិន WeChat ដែលត្រូវបានដាក់ចេញឱ្យដំណើរការ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា វិញ្ញាបនបត្រនេះ កំពុងត្រូវបានដាក់ចេញ ដើម្បីជួយលើកកម្ពស់ការស្ទុះងើបឡើងវិញនូវសេដ្ឋកិច្ចពិភពលោក និងជួយសម្រួល ដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា វិញ្ញាបនបត្រសុខភាពអន្តរជាតិនាពេលបច្ចុប្បន្ននេះ អាចប្រើប្រាស់បានសម្រាប់តែប្រជាជនចិនប៉ុណ្ណោះ ហើយវាមិនទាន់ជាលក្ខណៈចាំបាច់នៅឡើយទេ។ វិញ្ញាបនបត្រនេះក៏មានលក្ខណៈជាទម្រង់ក្រដាសផងដែរដែលវាត្រូវបានគេគិតថាជា «លិខិតឆ្លងដែនវ៉ាក់សាំងប្រឆាំងវីរុស COVID-19» ដែលត្រូវបានគេស្គាល់ដំបូងគេនៅលើពិភពលោក។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺស្ថិតក្នុងចំណោមប្រទេសនានាដែលកំពុងពិចារណាលើការអនុវត្តស្រដៀងគ្នាទៅនឹងប្រទេសចិនដែរ ខណៈសហភាពអឺរ៉ុប ក៏កំពុងធ្វើការលើ «លិខិតឆ្លងដែនវ៉ាក់សាំងពណ៌បៃតង» ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅមករវាងប្រទេសជាសមាជិកយ៉ាងងាយស្រួល៕