(ប៉េកាំង)៖ នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាខណៈពេលដែលប្រជាជនទូទាំងប្រទេសចិន មានការរំពឹងទុកយ៉ាងខ្លាំង ដោយសារជាអំឡុងពេលដែលសភាទាំងពីររបស់ប្រទេសចិន នឹងប្រារព្ធធ្វើមហាសន្និបាតរបស់ខ្លួន ដើម្បីដាក់ចេញផែនទីបង្ហាញផ្លូវថ្មីសម្រាប់អភិវឌ្ឍប្រទេសជាតិ ឬក៏អនុម័តច្បាប់ថ្មីឬធ្វើវិសោធនកម្មច្បាប់ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជនទូទាំងប្រទេស និងមានអំណោយផលដល់ពិភពលោក នេះក៏ជាចំណុចទាក់ទាញក្រសែចក្ខុរបស់ពិភពលោកផងដែរ។
មុននឹងស្វែងយល់ពីមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន យើងមកស្វែងយល់សិនថា តើសភាទាំងពីរនេះមានតួនាទីអ្វី? ហេតុអ្វីបានជាការបើកធ្វើមហាសន្និបាតប្រចាំឆ្នាំ ញ៉ាំងឱ្យប្រជាជនទូទាំងប្រទេស សឹងតែសហគមន៍អន្តរជាតិផង មានការយកចិត្តទុកដាក់ដល់ម្លឹង?
ទី១គឺ សភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដែលជាអង្គការសិទ្ធិអំណាចកំពូលរបស់ប្រទេសចិន ស្ថិតក្រោមការដឹកនាំនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ NPC និងគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន ជាអ្នកអនុវត្តសិទ្ធិនីតិប្បញ្ញត្តិជាតិ។ NPC បង្កើតឡើងដោយសមាសភាព ជាតំណាងប្រជាជនមកពីខេត្ត ភូមិភាគស្វយ័ត ក្រុងក្រោមឱវាទមជ្ឈិម តំបន់រដ្ឋបាលពិសេស និងកងទ័ព។ ក្នុងនោះ ត្រូវមានសមាជិកជាជនជាតិភាគតិចផងដែរ។ NPC មានអាណត្តិកាល៥ឆ្នាំ។
ចំណែកទី២គឺ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (CPPCC) ជាស្ថាប័នចូលរួមប្រឹក្សាយោបល់អំពីគោលនយោបាយ និងច្បាប់ប្រទេសជាតិដែលបង្កើតឡើងដោយសមាសភាព ជាតំណាងសមាជិកមកពីបក្សកុម្មុយនិស្តចិន បក្សប្រជាធិតេយ្យនានា ឥស្សរជនក្រៅបក្ស សមាគមប្រជាជន ជនជាតិភាគតិចនានានិងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ក៏ដូចជាតំណាងជនរួមជាតិ នៃតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ ជនរួមជាតិតៃវ៉ាន់ ជនរួមជាតិជាអាណិកជនចិនដែលវិលត្រឡប់ចូលប្រទេសចិនវិញ ព្រមទាំងឥស្សរជនដែលទទួលបានការអញ្ជើញជាពិសេស ។ ៥ ឆ្នាំ CPPCC ប្តូរអាណត្តិម្តង។
ឥឡូវយើងងាកមកមើលពីតួនាទីនៃសភាទាំងពីរនេះម្តង។ NPCមានសិទ្ធិសំខាន់ៗដូចជា៖ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រួតមើលការអនុវត្តរដ្ឋធម្មនុញ្ញ អនុម័តច្បាប់ផ្សេងៗ និងជ្រើសតាំងប្រធានរដ្ឋ អនុប្រធានរដ្ឋ។ល។ ចំណែកឯ CPPCC មានតួនាទីប្រឹក្សានយោបាយ សង្កេតមើលការអនុវត្តនយោបាយជាតិក្នុងលក្ខណៈប្រជាធិបតេយ្យ ចូលរួមធ្វើនយោបាយ និងពិភាក្សារឿងនយោបាយ ។
អ្វីដែលពិសេសក្នុងអំឡុងពេលបើកមហាសន្និបាត នៃសភាទាំងពីរជារៀងរាល់ឆ្នាំនោះ គឺការថ្លែងរបាយការណ៍ការងាររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ដែលនឹងធ្វើការបូកសរុបការងារប្រចាំឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី ។ របាយការណ៍នេះត្រូវបានប្រជាជនចិនហៅថាជា «ចង្កូតនៃនាវាចិន» ដែលនឹងដឹកនាំប្រជាជនឆ្លងកាត់ព្យុះភ្លៀង ក្នុងឆ្នាំថ្មីនិងពេលអនាគត ដើម្បីឆ្ពោះទៅរកត្រើយនៃភាពបវររុងរឿង។
ដោយឡែក នៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ មានការខុសប្លែកពីបួនឆ្នាំកន្លងទៅ ដោយសារតែឆ្នាំនេះក៏ជាការចាប់ផ្តើមអនុវត្តនូវផែនការអភិវឌ្ឍន៍៥ឆ្នាំទី១៤ របស់ប្រទេសចិន អាស្រ័យហេតុនេះ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន មិនត្រឹមតែបានដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២១ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានលើកពី ផែនការមេសម្រាប់ការអភិវឌ្ឍក្នុងរយៈពេល៥ឆ្នាំខាងមុខផងដែរ។ ចំណុចនេះហើយ ជាការយកចិត្តទុកដាក់ខ្លាំងរបស់ ប្រជាពលរដ្ឋចិនគ្រប់មជ្ឈដ្ឋាន និងសហគមន៍អន្តរជាតិ។
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ការដាក់ចេញទិសដៅការងាររបស់រដ្ឋាភិបាលមួយ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹង ការអភិវឌ្ឍនៃប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសនោះ។ ជានិច្ចកាល ប្រទេសចិនតែងតែលើកឡើងពីការតម្កល់ទុក ឧត្តមប្រយោជន៍របស់ប្រជាជនជាធំ ធ្វើនយោបាយដើម្បីបម្រើប្រយោជន៍ជាតិនិងប្រជាជន ហេតុនេះ មហាសន្និបាតទាំងពីរ នឹងពិនិត្យពិភាក្សាលើ របាយការណ៍ការងាររដ្ឋាភិបាល ដោយសមាជិក CPPCC នឹងលើកជាមតិយោបល់ ឯតំណាងនៃ NPC នឹងធ្វើការពិភាក្សានិងអនុម័ត។
អំពីផែនការមេសម្រាប់៥ឆ្នាំខាងមុខ របាយការណ៍ការងាររដ្ឋាភិបាលចិនបានលើកឡើងថា៖
* សេដ្ឋកិច្ចដំណើរការក្នុងរង្វង់សមរម្យ
* អត្រាធ្វើនគរូបនីយកម្មត្រូវលើកកម្ពស់ឱ្យដល់៦៥%
* អាយុកាលរំពឹងទុកជាមធ្យមរបស់ប្រជាជនកើនឡើង១ឆ្នាំ
* អត្រាបាត់បង់ការងារនៅទីក្រុងនិងជនបទរក្សាក្នុងចន្លោះ៥.៥%
* មនុស្សវ័យចំណាស់ចំនួន៩៥%នឹងទទួលបានការធានារ៉ាប់រងចិញ្ចឹមជីវិតក្នុងវ័យជរា
ឥឡូវយើងងាកមកមើលពីទិសដៅគន្លឹះ ដែលបានលើកឡើងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនក្នុងឆ្នាំនេះ ដែលមានជាអាទិ៍៖
* កំណើនផលិតផលក្នុងស្រុកសរុបលើសពី៦%
* បន្ថែមឱកាសការងារសម្រាប់ពលរដ្ឋនៅទីក្រុង និងជនបទលើសពី១១លាននាក់
* កំណើនថ្លៃប្រាស់ប្រើរបស់ប្រជាជនក្នុងរង្វង់៣%
* កាត់បន្ថយការប្រើប្រាស់ថាមពលក្នុងមួយឯកតានៃ GDP ចំនួន ៣%
* បរិមាណផលិតស្បៀងរក្សាក្នុងទំហំ០.៦៥ទ្រីលានគីឡូក្រាម
ចំណែកការងារគន្លឹះវិញ បូករួមទាំងការកាត់បន្ថយឱនភាពហិរញ្ញវត្ថុ កាត់បន្ថយពន្ធដារ បញ្ចុះថ្លៃប្រើប្រាស់អ៊ីនធើណេតរបស់ សហគ្រាសធុនតូចនិងមធ្យម ពង្រឹងនិងពង្រីកការច្នៃប្រឌិតថ្មីលើវិស័យគន្លឹះ ផ្សារភ្ជាប់ការងារអភិវឌ្ឍន៍ជនបទជាមួយសមិទ្ធផល នៃការលុបបំបាត់ភាពក្រីក្រ ជំរុញសមភាពនៃការអប់រំ ដោះស្រាយបញ្ហាស្នាក់នៅរបស់ប្រជាជន ពង្រឹងការធានារ៉ាប់រងសុខាភិបាល ជំរុញការបើកទូលាយចំពោះបរទេសក្នុងកម្រិតខ្ពស់ និងធ្វើឱ្យមានសុក្រឹតភាពនូវរបបនិងយន្តការពាក់ព័ន្ធតំបន់ហុងកុង ម៉ាកាវនិងតៃវ៉ាន់ ។ល។
«ត្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបគ្មានក្តីកង្វល់ពីរឿងហូបចុក គ្មានក្តីកង្វល់ពីរឿងស្លៀកពាក់» ដែលនេះជាទិសដៅការងារដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងសម្រាប់ដោះស្រាយបញ្ហាជនក្រីក្រ។ ជាក់ស្តែង យើងឃើញថាវិធីសាស្ត្រគន្លឹះមួយ សម្រាប់ដោះស្រាយបញ្ហាក្រីក្រនិងបញ្ហាហូបចុករបស់ប្រជាជន គឺការផ្តល់ឱកាសការងារសម្រាប់ជនក្រីក្រ និងនិស្សិតទើបបញ្ចប់ការសិក្សា ដើម្បីឱ្យគ្រួសារនីមួយៗមានចំណូលពី កម្លាំងពលកម្មយ៉ាងហោចណាស់បានម្នាក់ ដូចពាក្យថា «បើក្នុងគ្រួសារមួយមានបង្គោលហើយវានឹងមិនបាក់រលំទេ»។
ក្នុងន័យខាងលើ ប្រទេសចិនបានរិះរកគ្រប់វិធី ដើម្បីបង្កើនឱកាសការងារជារៀងរាល់ឆ្នាំ ក៏ដូចជាលើកទឹកចិត្តឱ្យនិស្សិតទើបបញ្ចប់ការសិក្សា បង្កើតមុខរបរដោយខ្លួនឯង ក្រោមគោលនយោបាយអនុគ្រោះជាច្រើន ធ្វើយ៉ាងណាឱ្យអត្រាបាត់បង់ការងារធ្លាក់ដល់កម្រិតអប្បបរមា។
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសចិនជាប្រទេសមានសេដ្ឋកិច្ចធំទីពីរលើពិភពលោក ដូច្នេះការអភិវឌ្ឍរបស់ប្រទេសចិន មិនត្រឹមតែពាក់ព័ន្ធនឹងប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយ ប្រទេសនានាលើពិភពលោកផងដែរ ជាពិសេសក្នុងបរិបទជំងឺកូវីដ-១៩នេះ ប្រទេសចិនដែលមានសេដ្ឋកិច្ចសំខាន់ និងមានកំណើនវិជ្ជមានមុនគេបង្អស់ តើនឹងរួមចំណែកអ្វីទៀត សម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ?
អាស្រ័យហេតុនេះ ទិសដៅការងារប្រចាំឆ្នាំរបស់ប្រទេសចិន ក៏ត្រូវបានកត់សម្គាល់ខ្លាំ ងពីសំណាក់សហគមន៍អន្តរជាតិផងដែរ។
ថ្នាក់ដឹកនាំចិនបានប្រកាសជាច្រើនលើកច្រើនសាថា ប្រទេសចិនប្រកាន់ខ្ជាប់គោលនយោបាយបើកទូលាយចំពោះបរទេស ដោយមិនបិទទ្វារជារៀងរហូត ពិសេសគឺប្រកាន់ខ្ជាប់ការគាំពារពហុភាគីនិយម ។ ដូចអ្វីដែលបានស្តែងក្នុងរបាយការណ៍នេះ ប្រទេសចិននឹងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយបណ្តាប្រទេសនានាដោយឈរលើ គោលការណ៍សមភាព និងគោរពគ្នាទៅវិញទៅមក ក៏ដូចជាតាមទម្រង់សហប្រតិបត្តិការផ្សេងៗ ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីជាដើម។
ជាការពិតណាស់ យើងគ្រប់គ្នាតែងរំពឹងជាប់ជានិច្ចថា បណ្តាប្រទេសនានា នឹងមានកិច្ចសហប្រតិបត្តិការ ប្រកបដោយមេត្រីភាពច្រើនឡើងៗ ឯការខ្វែងគំនិតគ្នានិងជម្លោះតិចទៅៗ ដើម្បីរួមគ្នាកសាងពិភពលោកមួយ ដែលប្រកបដោយវិបុលភាពរួម បវររុងរឿងនិងមានសុខសន្តិភាពយូរអង្វែង៕
(អត្ថបទដោយ៖ បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន តាំង ស៊ីឡេង)