(វ៉ាស៊ីនតោន)៖ តើនរណានឹងរៀបចំពិភពលោក? ហើយតើកម្លាំង និងផលប្រយោជន៍អ្វីទៅដែលនឹងកំណត់ពីអនាគតពិភពលោក? សំនួរទាំងនេះបានលេចឡើងបន្ទាប់ពីមាន ព្រឹត្តិការណ៍ពីរបានកើតឡើងកាលពីសប្ដាហ៍មុននេះនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ប្រទេសចិន។ នៅទីក្រុងប៉េកាំង ថ្នាក់ដឹកនាំចិនបានជួបប្រជុំក្នុងមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសប្រចាំឆ្នាំដោយបានដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយជាច្រើន ខណៈនៅឯទីក្រុងវ៉ាស៊ីនតោន រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបានបញ្ចេញ «គោលការណ៍ណែនាំយុទ្ធសាស្ត្រសន្តិសុខជាតិបណ្ដោះអាសន្ន (Interim National Security Strategic Guidance)» ដែលបង្ហាញពីបំណង និងការងារជាអាទិភាពដែលលោកត្រូវធ្វើចំពោះពិភពលោកដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។
នៅក្នុងសុន្ទរកថាស្ដីពីគោលការណ៍ណែនាំយុទ្ធសាស្ត្រសន្តិសុខជាតិបណ្ដោះអាសន្ន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់ពីភាពចាំបាច់បន្ទាន់ក្នុងការ ពង្រឹងប្រជាធិបតេយ្យអាមេរិក ហើយស្ដារសម្ព័ន្ធភាព និងភាពដៃគូរបស់សហរដ្ឋអាមេរិកឡើងវិញ។ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា៖ «មិនថាយើងចូលចិត្ត ឬមិនចូលចិត្ត នោះទេ ពិភពលោកមិនអាចរៀបចំខ្លួនឯងបានឡើយ។ នៅពេលសហរដ្ឋអាមេរិកដកខ្លួនចេញ រឿងមួយក្នុងចំណោមរឿង២ អាចនឹងកើតឡើង នោះគឺប្រទេសមួយផ្សេងទៀតអាចនឹងព្យាយាមដណ្ដើមកន្លែងរបស់យើង...»។ ដោយចាត់ទុកចិនជា «គូប្រជែងភូមិសាស្ត្រនយោបាដ៏ធំបំផុតក្នុងស.វទី២១នេះ» របស់សហរដ្ឋអាមេរិក លោក Antony Blinken បានបន្ថែមថាចិនគឺជាប្រទេសតែមួយគត់ដែលអាចប្រមូលថាមពលទាំងខាងសេដ្ឋកិច្ច, ការទូត,យោធា និងបចេ្ចកវិទ្យាដើម្បីប្រជែងជាមួយអាមេរិក។
លោក ចូ បៃដិនបានដើរចេញពីវិធីសាស្ត្រដោះស្រាយជាមួយចិនរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយលោកកំពុងផ្ដោតជាសំខាន់លើការធ្វើការជាមួយ បណ្ដាប្រទេសជាសម្ព័ន្ធមិត្ត និងដៃគូ ព្រមទាំងជួសជុលឡើងវិញនូវការប្រេះឆាទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដែលបន្សល់ទុកពីលោក ត្រាំ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានឯកភាពគ្នាបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម តាមរយៈការសម្រេចផ្អាកការដំឡើងពន្ធពាក់ព័ន្ធនឹងជម្លោះរវាងក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing។
*ចក្ខុវិស័យរបស់ចិនលើការរៀបចំពិភពលោក
ប្រធានាធិបតីចិន លោក ស៊ី ជិនពីងមើលឃើញពីកម្លាំងចលករនៃការអភិវឌ្ឍសម្រាប់ទីក្រុងប៉េកាំងនៅក្នុងពិភពលោកមួយជាទីដែល «អាស៊ីខាងកើតលេចត្រដែតឡើង រីឯលោកខាងលិចធ្លាក់ចុះ»។ ទឡ្ហីករណ៍របស់លោក ស៊ី ជិនពីងចំពោះការមើលឃើញបែបនេះ នោះគឺចិនបាននិងកំពុងផ្ដល់សណ្ដាប់ធ្នាប់ ផ្ទុយពីសហរដ្ឋអាមេរិកដែលកំពុង ផ្ដល់ភាពចលាចល, ផ្ដល់អភិបាលកិច្ចដ៏មានប្រសិទ្ធភាព ផ្ទុយពីអភិបាលកិច្ចគ្មានប្រសិទ្ធភាពរបស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសនៅក្នុងការដោះស្រាយការឆ្លងរាតត្បាត COVID-19 តែម្ដង។
ចក្ខុវិស័យរបស់លោក ស៊ី ជិនពីងលើការរៀបចំពិភពលោកបានស្ដែងចេញកំឡុងកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) កាលពីចុងខែមករា កន្លងទៅនេះ។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោកប្រធានាធិបតីចិនរូបនេះបានលើកឡើងថាប្រទេសនីមួយៗនៅលើពិភពលោកមានប្រព័ន្ធនយោបាយ, វប្បធម៌ និងសង្គមដែលជា កិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ។ ពោលគឺមានន័យថាប្រទេសដទៃចង់រៀបចំប្រទេសរបស់ពួកគេយ៉ាងណា ឬដោយរបៀបណា វាមិនមែនជាកិច្ចការរបស់សហរដ្ឋអាមេរិកទេ។
លោក ស៊ី ជិនពីងបានថ្លែងទៅកាន់ក្រុមអ្នកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វីស រៀបចំតាមវីដេអូខុនហ្វេរិនដូច្នេះថា៖ «ប្រទេសនីមួយៗ មានប្រវតិ្តសាស្ត្រផ្ទាល់ខ្លួន, វប្បធម៌ផ្ទាល់ខ្លួន, និងប្រព័ន្ធសង្គមផ្ទាល់ខ្លួន ហើយគ្មានប្រទេសណាមួយអស្ចារ្យជាងប្រទេសដទៃនោះទេ។ តែអ្វីដែលសំខាន់ ស្ថិតនៅត្រង់ថាតើ ប្រវត្តិសាស្ត្រ, វប្បធម៌, និងប្រព័ន្ធសង្គមរបស់ប្រទេសមួយ វាស័ក្តិសមទៅនឹងស្ថានភាពជាក់ស្ដែង, ទទួលបានការគាំទ្រពីប្រជាជន ឬក៏ថាតើវាបម្រើដល់ស្ថិរភាពនយោបាយដែរ ឬក៏យ៉ាងណាតែប៉ុណ្ណោះ»។ ការលើកឡើងបែបនេះរបស់លោក ស៊ី ជិនពីងបានបង្ហាញថាយុទ្ធសាស្ត្រនេះគឺមានន័យថាបញ្ចៀសការលូកលាន់កិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ។
ក៏ប៉ុន្តែផ្ទុយពីលោក ស៊ី ជិនពីង នៅក្នុងលិខិតមួយអមជាមួយគោលការណ៍ណែនាំយុទ្ធសាស្ត្រសន្តិសុខជាតិបណ្ដោះអាសន្ន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសរសេរថា លោកមានជំនឿចិត្តយ៉ាងមុតមាំថាប្រជាធិបតេយ្យ គឺជាគន្លឹះដ៏សំខាន់នៃការដឹកនាំ។ លោក បៃដិនបានលើកឡើងដូច្នេះថា៖ «ខ្ញុំជឿជាក់ថាប្រជាធិបតេយ្យគឺជាគន្លឹះដ៏សំខាន់នៃសេរីភាព, ភាពរុងរឿង, សន្តិភាព និងសេចក្ដីថ្លៃថ្នូរ...ហើយយើងត្រូវតែបង្ហាញថាគំរូដឹកនាំរបស់យើងមិនមែនជាវត្ថុបុរាណនៃប្រវត្តិសាស្ត្រនោះទេ តែវាគឺជាមធ្យោបាយល្អតែមួយ គត់ដែលអាចសម្រេចបាននូវក្ដីសង្ឃឹមនៃអនាគររបស់យើង»។ ម្យ៉ាងវិញទៀត បើសិនជាយើងធ្វើការងាររួមគ្នាជាមួយប្រទេសជាដៃគូប្រជាធិបតេយ្យរបស់យើងដោយមានភាពរឹងមំា និងទំនុកចិត្ត នោះយើងអាចនឹងអាចជម្នះលើរាល់បញ្ហាប្រឈម ឬគូប្រជែងទាំងអស់»៕
ប្រភព៖ Atlantic Council (ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១)