(ប៉េកាំង)៖ មានតែក្នុងកាលៈទេសៈនៃការលំបាក ទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។ ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាសត្រូវរួមរបស់មនុស្សជាតិ ប្រទេសចិនបានផ្តល់វ៉ាក់សាំង តាមលទ្ធភាពរបស់ខ្លួនដល់ប្រទេសពាក់ព័ន្ធ ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ប្រការនេះត្រូវទទួលស្គាល់ជាទូទៅ ពីសំណាក់មជ្ឈដ្ឋានខាងក្រៅ ។
ប៉ុន្តែច្បាស់លាស់ណាស់ ប្រតិបតិ្តការរបស់ប្រទេសចិនធ្វើឱ្យអ្នកនយោបាយ និងប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន ដែលតែងតែអួតអាងថា ខ្លួនជា «អ្នកដឹកនាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, ប្រទេសប្រកបដោយអរិយធម៌ជឿនលឿន» អាម៉ាស់មុខ និងមិនសប្បាយចិត្ត។ «វ៉ាក់សាំងជាតិនិយម» របស់ប្រទេសមួយចំនួន និងទង្វើធ្វើឱ្យបញ្ហាវ៉ាក់សាំង ទៅជាបញ្ហានយោបាយ បាននិងកំពុងបំផ្លាញដល់កិច្ចសហប្រតិបតិ្តការ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅលើពិភពលោកទាំងមូល។
ក្នុងសន្និសីទសារព័ត៌មាន នៃមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន ដែលបានប្រារព្វធ្វើនៅថ្ងៃទី៧ ខែមីនា លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងថា មិនថាវ៉ាក់សាំងចិន ឬមួយក៏វ៉ាក់សាំងបរទេសក្តី ឱ្យតែមានសុវត្ថិភាព និងអាចទុកចិត្តបានសុទ្ធតែជាវ៉ាក់សាំងល្អ។ លោកអំពាវនាវឱ្យប្រទេសមានសមត្ថភាពទាំងអស់ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យប្រជាជននៃបណ្តាប្រទេសនានា អាចរ៉ាប់រងវ៉ាក់សាំងបាន និងមានឱកាសចាក់វ៉ាក់សាំងបាន ក្នុងន័យធ្វើឱ្យវ៉ាក់សាំងទាំងនេះក្លាយជា «វ៉ាក់សាំងរបស់ប្រជាន» យ៉ាងពិតប្រាកដ។
ប្រទេសចិនមានវ៉ាក់សាំងចំនួន ១៧ប្រភេទ បានឈានចូលដំណាក់កាលធ្វើតេស្តទៅលើមនុស្ស បានផ្តល់សិទិ្ធប្រើប្រាស់ដល់ប្រទេសចំនួនជាង ៦០ បានផ្តល់ជំនួយជាវ៉ាក់សាំងឥតគិតថ្លៃ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៦៩ ដែលមានតម្រូវការជាបន្ទាន់ បាននាំចេញវ៉ាក់សាំងទៅកាន់ប្រទេសចំនួន ៤៣ បានបរិច្ចាគវ៉ាក់សាំងដល់បុគ្គលិករក្សាសន្តិភាព នៃបណ្តាប្រទេសនានា និងផ្តល់វ៉ាក់សាំងដល់កីឡាករ ដែលត្រៀមខ្លួនចូលរួមការប្រកួតកីឡាអូឡាំពិក ដូចនេះប្រទេសចិនបានបំពេញពាក្យសន្យា ចំពោះពិភពលោកជាបន្តបន្ទាប់ តាមរយៈប្រតិបតិ្តការជាក់ស្តែងរបស់ខ្លួន។
នាពេលថ្មីៗកន្លងទៅនេះ លោក Ray Yip អ្នកជំនាញផ្នែកសុខាភិបាលសាធារណៈរបស់អាមេរិក បានវាយតម្លៃថា «ខណៈពេលអាមេរិក និងអឺរ៉ុបគ្រាន់តែផ្តោតសំខាន់ទៅលើខ្លួនឯង ប្រទេសចិនបែរជាស្ទុះទៅមុខ ដូចទ័ពសេះដែលពាក់អាវក្រោះ»។ អ្នកប្រើប្រាស់ Twitter មួយរូបនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមបានថ្លែងថា ប្រទេសជាច្រើនកំពុងរងចាំវ៉ាក់សាំងរបស់ចិន គ្មានអ្នកណាម្នាក់ជឿព័ត៌មានមិនពិត ដែលលាបពណ៌លើប្រទេសចិននោះទេ។
ខណៈពេលនេះ ប្រទេសចិនកំពុងពន្លឿនការផ្តល់វ៉ាក់សាំងចិន ដែលពោរពេញទៅដោយមនុស្សធម៌និយម និងមនោសញ្ចេតនាមិត្តភាព ទៅកាន់តំបន់នានាលើពិភពលោក ហើយ «ផែនការស្តីពីវ៉ាក់សាំងកូវីដ១៩» ដែលមានប្រទេសជាច្រើនបានចូលរួម បានផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ លើសពី ២០លានដូសដល់ប្រទេសចំនួន២០។ រំពឹងថា ប្រទេសមានសមត្ថភាពទាំងអស់ សុទ្ធតែអាចចូលរួមផែនការនេះ ធ្វើឱ្យ «វ៉ាក់សាំងរបស់ប្រជាជន» ក្លាយជាអាវុធដ៏ខ្លាំងក្លាដើម្បីជួយមនុស្សជាតិ យកឈ្នះលើវីរុសកូវីដ១៩ក្នុងពេលឆាប់ៗ៕