(បាងកក)៖ អាជ្ញាធរថៃ នៅថ្ងៃអង្គារនេះបានប្រកាសពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦០ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។
នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃប្រទេសថៃ បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៤៣ករណី ជាករណីឆ្លងក្នុងស្រុកផ្ទាល់ ក្នុងនោះរួមមាន ៣៨ករណីត្រូវបានរកឃើញនៅខេត្ត សាមុត សាខន (Samut Sakhon), ០៣ករណីនៅខេត្ត ផាទុម ថានី (Pathum Thani), ០១ករណីនៅខេត្ត នុនថាបុរី (Nonthaburi) និង ០១ករណីទៀតនៅទីក្រុង បាងកក (Bangkok)។ ចំណែកឯ ១៧ករណីផ្សេងទៀត ជាករណីនាំចូលត្រូវបានរកឃើញនៅលើ អ្នកដំណើរដែលទើបត្រឡប់មកពីបរទេសប្រទេសវិញ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៦,៥០១ករណី ក្នុងនោះមានអ្នកស្លាប់ ៨៥នាក់ និងអ្នកជាសះស្បើយ ២៥,៨៥១នាក់៕