(ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូណេស៉ី ទើបតែបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ក្នុងលក្ខខណ្ឌបន្ទាន់ ក្រោយទទួលបានវ៉ាក់សាំងក្រុមហ៊ុននេះចំនួនជាង ០១លានដូស កាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។
ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារនិងឱសថ (BPOM) របស់ឥណ្ឌូណេស៉ី បានបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ AstraZeneca នឹងត្រូវចាក់ជូនមនុស្សដែលមានវ័យចាប់ពី ១៨ឆ្នាំឡើងទៅ។ កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ១.១លានដូស បានមកដល់ប្រទេសឥណ្ឌូណេស៉ី ក្រោមយន្តការអន្តរជាតិ COVAX។ ឥណ្ឌូណេស៉ីរំពឹងថា នឹងទទួលបានវ៉ាក់សាំង AstraZeneca សរុបប្រមាណ ១១.៧លានដូស តាមរយៈ COVAX ដោយពួកវានឹងមកដល់ជាបន្តបន្ទាប់ រហូតដល់ខែឧសភាខាងមុខ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី ដែលមានចំនួនប្រជាជនសរុបប្រហែល២៧០លាននាក់ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងប្រទេស កាលពីខែមករាកន្លងទៅ ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac។ វ៉ាក់សាំង Sinovac ខ្ទង់៣៨លានដូសហើយ បានដឹកមកដល់ប្រទេសឥណ្ឌូណេស៉ី ខណៈប្រជាជនឥណ្ឌូណេស៉ីច្រើនជាង២លាននាក់ ទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោច០១ដូសដំបូង៕