(អាតែន)៖ ប្រទេសក្រិក នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាសកាន់ទុក្ខដល់ទារកអាយុ ៣៧ថ្ងៃ ដែលជាជនគ្រោះក្មេងជាងគេបំផុត ក្នុងចំណោមជនរងគ្រោះជិត ៦,៨០០នាក់ ដែលបានបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណា COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។
នាយករដ្ឋមន្រ្តីក្រិក លោក ឃីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) បានសរសេរសារបង្ហោះនៅក្នុងបណ្ដាញសង្គម Twitter របស់លោកថា៖ «គួរឲ្យសោកស្តាយណាស់ ថ្ងៃនេះយើងមានជនរងគ្រោះវ័យក្មេងបំផុតនៅក្នុងប្រទេសរបស់យើង ដែលបានបាត់បង់ជីវិតដោយសារវីរុស COVID-19 គឺជាទារកដែលចំណាយរយៈពេល ១៧ថ្ងៃនៃរយៈពេល ៣៧ថ្ងៃរបស់គេ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ថ្ងៃនេះជាថ្ងៃដែលមានការឈឺចាប់ និងទុក្ខសោកយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង»។
បើតាមក្រសួងសុខាភិបាលក្រិក ទារកខាងលើត្រូវបាននាំមកកាន់មន្ទីរពេទ្យកុមារដែលស្ថិតនៅទីក្រុងអាតែន នៅពាក់កណ្តាលខែកុម្ភៈជាមួយនឹងរោគសញ្ញារលាកច្រមុះ និងគ្រុនក្តៅ ហើយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។ ប៉ុន្តែក្រោយមក ទារកនោះ ក៏បានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។
គួរបញ្ជាក់ថា មនុស្សជាង ២០៦,០០០នាក់ បានឆ្លងវីរុសដ៏កាចសាហាវនេះនៅក្នុងប្រទេសក្រិក និងមនុស្សជិត ៦,៨០០នាក់បានបាត់បង់ជីវិត ខណៈមនុស្សជិត ៤៨០នាក់ទៀតកំពុងត្រូវបានគេព្យាបាល និងមើលថែយ៉ាងយកចិត្តទុកដាក់បំផុត៕