Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេសរុស្ស៊ី៖ «បណ្តាញសង្គមនានាមិនគួរហាមឃាត់ ការបង្ហោះមាតិកានយោបាយ នៅក្នុងពេលបោះឆ្នោតឡើយ»

08-03-2021 18:19

(ម៉ូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ មិនគួរហាមឃាត់រាល់ការបង្ហោះមាតិកានយោបាយ កំឡុងការបោះឆ្នោតនោះទេ ព្រោះវាអាចនឹងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។

លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទនេះ។ លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើប្រទេសមួយរៀបចំការបោះឆ្នោត ហើយបើបណ្ដាញទំនាក់ទំនងសង្គម គឺជាកន្លែងមួយដែលប្រជាជន និងអង្គការក្រៅរដ្ឋាភិបាល អាចបញ្ចេញផ្ទាល់ខ្លួនរបស់ពួកគេ នោះវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្ដល់ឱកាសឱ្យប្រជាជនបញ្ចេញមតិ និងនិយាយពីការយល់ឃើញរបស់ពួកគេ លើប្រធានបទនយោបាយ ជាជាងការហាមឃាត់លើមាតិកា មានជាប់ពាក់ព័ន្ធនឹងនយោបាយ»។

គួរបញ្ជាក់ថា បើតាមលោកស្រី Maria Zakharova ការបិទខ្ទប់ ឬការហាមឃាត់ការបង្ហោះមាតិកានយោបាយ នៅលើបណ្ដាញទំនាក់ទំនងសង្គម កំឡុងការបោះឆ្នោតកំពុងប្រព្រឹត្តទៅ វាគឺជាទង្វើបែបរើសអើង និងបំពានលើសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងអ្នកនយោបាយ៕