(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤១,៩៦៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧១៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,៩៦៩,២៥០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៣៧,៨៣៨នាក់ និងជាសះស្បើយឡើងសរុប ២០,៣៣៦,៦៥៦នាក់។
គួរបញ្ជាក់ថា ចំពោះមុខករណីឆ្លង និងស្លាប់ដោយសារ COVID-19 នៅតែបន្តស្ថិតក្នុងចំនួនច្រើន សហរដ្ឋអាមេរិកក៏នៅតែបន្តសម្រុក ចាក់វ៉ាក់សាំងបង្ការជំងឺនេះ ជូនដល់ប្រជាជនរបស់ខ្លួនផងដែរ។ អ្នកជំនាញអាមេរិកបានបន្តព្រមានថា ទោះបីជាករណីឆ្លង COVID-19 នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់មែន ប៉ុន្តែគ្រប់គ្នាគួរតែបន្តការពាក់ម៉ាស់ និងអនុវត្តវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់រលកថ្មីនៃការឆ្លង៕