(ស៊ីដនី)៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី មេរីស ផេន (Marise Payne) បាននិយាយថា ប្រទេសអូស្ត្រាលីបានសម្រេចចិត្ត ផ្អាកកម្មវិធីនៃកិច្ចសហប្រតិបត្តិការលើវិស័យ
ការពារជាតិជាមួយមីយ៉ាន់ម៉ា ជាការឆ្លើយតបទៅនឹងការបង្រ្កាបលើក្រុមបាតុករ ពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃអាទិត្យ លោកស្រី Marise Payne ក៏បានបញ្ជាក់ដែរថា អូស្រ្តាលីនឹងបង្វែរជាបន្ទាន់ នូវជំនួយមនុស្សធម៌ចាំបាច់នានា ទៅកាន់ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចដទៃទៀត។ លោកស្រី Payne បានលើកឡើងដូច្នេះថា «យើងនឹងផ្ដល់អាទិភាពទៅលើជំនួយមនុស្សធម៌ និងធានាឱ្យបានថា ជំនួយមនុស្សធម៌របស់យើងនឹងទៅដៃ អង្គការក្រៅរដ្ឋាភិបាល ពោលគឺមិនមែនតាមរយៈរដ្ឋាភិបាល ឬអង្គភាពដែលជាសេនាធិនាការ របស់យោធាមីយ៉ាន់ម៉ានោះទេ»។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ មនុស្សច្រើនជាង ៥០នាក់ហើយ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។ ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារឱ្យយោធាចុះចេញពីអំណាច និងដោះលែងលោកស្រី អោង សាន ស៊ូ ជី ព្រមទាំងអ្នកជាប់ឃុំដទៃឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីអ្នកទាំងនេះត្រូវបានចាប់ឃុំខ្លួននៅក្នុងព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធា៕