(រ៉ង់ហ្គូន)៖ សម្ព័ន្ធសហជីពដែលមានឥទ្ធិពលនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឲ្យធ្វើកូដកម្មនៅទូទាំងប្រទេស ដោយចាប់ផ្តើមនៅថ្ងៃចន្ទ ទី០៨ ខែមីនាស្អែក ដើម្បីធ្វើឲ្យមានការបិទទាំងស្រង់នូវសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេស នៅក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់ទង្វើរដ្ឋប្រហារយោធា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការពលករចំនួនប្រាំបួនបានអំពាវនាវ ឲ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់បញ្ឈប់ការងាររបស់ខ្លួននៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបញ្ចៀសការរឹបអូសអំណាចរបស់យោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងទៅ។
លោក Andrew Tillett Sachs ដែលនាយកកម្មវិធីប្រចាំប្រទេសមីយ៉ាន់ម៉ា និងជាអ្នកតម្រែតម្រង់ជាន់ខ្ពស់ប្រចាំតំបន់សម្រាប់មជ្ឈមណ្ឌលសាមគ្គីភាព នៃអង្គការសិទ្ធិកម្មករដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters យ៉ាងដូច្នេះថា «សហជីពជាច្រើននឹងចាប់ផ្តើមធ្វើកូដកម្មភ្លាមៗ»។
លោកបន្ថែមថា «ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត វាបើកទ្វារនិងបង្កើនលទ្ធភាពសម្រាប់វិស័យឯកជនកាន់តែច្រើន ដើម្បីឆ្លើយតបតាមការអំពាវនាវនៅថ្ងៃបន្ទាប់ ឬប៉ុន្មានសប្តាហ៍ទៀត ... នេះគឺជាយុទ្ធសាស្ត្រមួយដែលពិតជាអាចដាក់សម្ពាធលើយោធាដ៏សមហេតុផល»។
គួរបញ្ជាក់ថា សកម្មភាពបាតុកម្មតវ៉ានៅតែបន្តកើតមានក្នុងទីក្រុងរ៉ង់ហ្គូន និងទីក្រុងផ្សេងទៀតរបស់មីយ៉ាន់ម៉ាស្ទើតែរាងរាល់ថ្ងៃ បើទោះជាមានការព្រមាន បង្ក្រាបពីយោធាក៏ដោយ។ មកទល់នឹងពេលនេះមនុស្សយ៉ាងហោច ៥៤នាក់ហើយ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងបាតុករ គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈមក៕