(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ២,៤៩៦ករណីបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤៣៩,៩៨១នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
បើតាមក្រសួងសុខាភិបាលជប៉ុន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកស្លាប់ថ្មី ២៥នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបដោយសារ COVID-19 នៅទូទាំងប្រទេសកើនដល់ ៣,២៧៦នាក់។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Norihisa Tamura បាននិយាយនៅថ្ងៃអាទិត្យនេះថា ក្រសួងរបស់លោកអាចនឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទី២ នៅដើមខែឧសភាខាងមុខ នៅពេលដែលរដ្ឋាភិបាលយល់ឃើញថា ការចាក់វ៉ាក់សាំង ពិតជាមានសារសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតមែន។
វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថ Pfizer គឺជាវ៉ាក់សាំងដំបូងគេ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេស កាលពីខែកុម្ភៈកន្លងទៅ៕