(បាងកក)៖ នៅថ្ងៃអាទិត្យនេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៦៥នាក់ថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស បន្តកើនដល់ ២៦,៣៧០នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៦០ករណី ជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់ និង០៥ករណីជាករណីនាំចូល។ សម្រាប់ករណីឆ្លងក្នុងស្រុកមាន ៤៧ករណីត្រូវបានរកឃើញនៅខេត្ត Samut Sakhon, ០៥ករណីនៅខេត្ត Tak, ៣ករណីនៅខេត្ត Pathum Thani, ០២ករណីនៅទីក្រុងបាងកក, ០២ករណីនៅខេត្ត Nakhon Nayok និង០១ករណីនៅខេត្ត Ayutthaya។

គិតចាប់តាំងពីរលកឆ្លងរាតត្បាតលើកទី២នៃ COVID-19 បានផ្ទុះឡើងដំបូងនៅខេត្ត Samut Sakhon កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ខេត្តចំនួន៦៣ ក្នុងចំណោមរាជធានី-ខេត្តទាំង៧៧ របស់ថៃ សុទ្ធតែបានររកឃើញមាន ករណីឆ្លងយ៉ាងហោចណាស់ក៏០១ករណីដែរ។ សរុបមកទល់ពេលនេះ ប្រទេសថៃបានរកឃើញករណីឆ្លងសរុបចំនួន ២៦,៣៧០ករណី ក្នុងនោះមានមនុស្សស្លាប់៨៥នាក់ និងជាសះស្បើយ ២៥,៧៤៤នាក់៕