(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប៉ូលិសថៃបានព្រមានទុកជាមុន ចំពោះក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ដែលគ្រោងធ្វើបាតុកម្មនៅទីក្រុងបាងកកថា ពួកគេកំពុងប្រថុយនឹងការចាប់ខ្លួនហើយ បន្ទាប់ពីបទបញ្ជាមួយត្រូវបានដាក់ចេញ ដោយហាមឃាត់ការប្រមូលផ្តុំគ្នាជាសាធារណៈនៅទីក្រុងបាងកក និងខេត្តជុំវិញនោះ។
២៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍នេះបានប្រើកម្លាំងបាយជាថ្មីម្តងទៀត ដើម្បីបំបែកក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ពោលគឺរយៈពេល ០១ថ្ងៃ បន្ទាប់ពីបេសកជនពិសេសរបស់ អង្គការសហប្រជាជាតិ (UN) បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ ចាត់វិធានការដើម្បីលុបបំបាត់ អំពើហិង្សាដោយរបបយោធា ដែលនៅក្នុងសប្តាហ៍នេះ បានធ្វើឱ្យក្រុមបាតុករប្រមាណ ៥០នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
៣៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះបានព្រមានថា ប្រទេសនានាមិនត្រូវបន្ធូរបន្ថយកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 នោះឡើយ បើទោះបីជាមានការមកដល់ នៃវ៉ាក់សាំងបង្ការជំងឺនេះក៏ដោយ ដោយលើកឡើងពីការព្រួយបារម្ភថា ការឆ្លងរាតត្បាតនៃជំងឺនេះនៅប្រទេសប្រេស៉ីល អាចនឹងបង្កឲ្យមានការឆ្លងរីករាលដាល ដល់ប្រទេសដទៃៗទៀតបាន ប្រសិនបើប្រទេសទាំងនោះ មិនមានការប្រុងប្រយ័ត្នខ្ពស់។
៤៖ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការវ៉ាក់សាំងនៃចក្រភពអង់គ្លេស លោក ណាដហ៊ីម ហ្សាហាវី (Nadhim Zahawi) នៅថ្ងៃសុក្រសប្ដាហ៍នេះបានច្រានចោល ការលើកឡើងដែលថាប្រទេសរបស់លោកកំពុងដណ្ដើមវ៉ាក់សាំង COVID-19 ពីបណ្ដាប្រទេសក្រីក្រ ដោយទទូចថាវ៉ាក់សាំង១០លានដូសមកពីប្រទេសឥណ្ឌានឹង ត្រូវចែកចាយនៅក្នុងចក្រភពអង់គ្លេស។
៥៖ គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរនៃកោះ North Island ប្រទេសនូវែលសេឡង់ នៅថ្ងៃសៅរ៍នេះ។
៦៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអំពាវនាវឲ្យមានការលើកលែង ចំពោះសិទ្ធិប៉ាតង់រហូតដល់ចុងបញ្ចប់ នៃជំងឺឆ្លងរាតត្បាត COVID-19 ដូច្នេះទើបការផ្គត់ផ្គង់វ៉ាក់សាំង អាចកើនឡើងទៅរួច៕