(បាងកក)៖ ប៉ូលិសថៃបានព្រមានទុកជាមុន ចំពោះក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ដែលគ្រោងធ្វើបាតុកម្មនៅទីក្រុងបាងកកថា ពួកគេកំពុងប្រថុយនឹងការចាប់ខ្លួនហើយ បន្ទាប់ពីបទបញ្ជាមួយត្រូវបានដាក់ចេញ ដោយហាមឃាត់ការប្រមូលផ្តុំគ្នាជាសាធារណៈនៅទីក្រុងបាងកក និងខេត្តជុំវិញនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១។
ចលនាធ្វើបាតុកម្មតវ៉ាដែលដឹកនាំដោយក្រុមយុវជនថៃ បានកើតឡើងកាលពីឆ្នាំមុន ដើម្បីអំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ហើយការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករ កាលពីសប្តាហ៍មុន គឺជាហេតុការណ៍ធ្ងន់ធ្ងរមួយ គិតចាប់តាំងពីការតវ៉ាកើតឡើង។ ប៉ូលិសថៃ បានប្រើគ្រាប់កាំភ្លើងជ័រជាលើកដំបូង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក៏ដូចជាឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករទាំងនោះ ដែលបង្ករឲ្យក្រុមបាតុករ ១០នាក់ និងប៉ូលិស ២៦នាក់បានរងរបួស។
គួរបញ្ជាក់ថា ក្រុមបាតុករចំនួន ០៤ក្រុមផ្សេងគ្នា គ្រោងនឹងធ្វើបាតុកម្មតវ៉ាចាប់ថ្ងៃសៅរ៍នេះ ខណៈការប្រមូលផ្តុំគ្នា ដោយក្រុមអ្នកគាំទ្ររបបរាជានិយម ក៏ត្រូវបានគ្រោងនឹងធ្វើដែរ។ ដោយហេតុនេះហើយទើបមន្ត្រីប៉ូលិសប្រមាណ ៤,៨០០នាក់ ត្រូវបានបញ្ជាឲ្យត្រៀមខ្លួន ដើម្បីចល័តទៅកាន់ទីតាំងសំខាន់ៗ៕