(រ៉ង់ហ្គូន)៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍នេះបានប្រើកម្លាំងបាយជាថ្មីម្តងទៀត ដើម្បីបំបែកក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ពោលគឺរយៈពេល ០១ថ្ងៃ បន្ទាប់ពីបេសកជនពិសេសរបស់ អង្គការសហប្រជាជាតិ (UN) បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ ចាត់វិធានការដើម្បីលុបបំបាត់ អំពើហិង្សាដោយរបបយោធា ដែលនៅក្នុងសប្តាហ៍នេះ បានធ្វើឱ្យក្រុមបាតុករប្រមាណ ៥០នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១។
បាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារ ត្រូវបានគេរាយការណ៍ថា បានកើតឡើងចាប់តាំងពីព្រឹកថ្ងៃសៅរ៍នេះ នៅក្នុងទីក្រុងមានប្រជាជនរស់នៅ ច្រើនបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា គឺរ៉ង់ហ្គូន (Yangon) ជាកន្លែងដែលគ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើ ដើម្បីបំបែកក្រុមបាតុករ។ កាលពីថ្ងៃពុធសប្ដាហ៍នេះ ក្រុមបាតុករ ១៨នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅទីនោះ។
ការកើនឡើងនូវអំពើហិង្សានេះ បាននិងកំពុងដាក់សម្ពាធដល់សហគមន៍អន្តរជាតិ ឱ្យចាត់វិធានការ ដើម្បីរារាំងរបបយោធាមីយ៉ាន់ម៉ា ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ។
គួរបញ្ជាក់ថា រដ្ឋប្រហារនេះ បានផ្លាស់ប្តូរការរីកចម្រើនរបស់ប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យអស់រយៈពេល ០៥ទសវត្សរ៍ហើយ ដែលប្រទេសនេះស្ថិតក្រោមការគ្រប់គ្រងដ៏តឹងរឹងរបស់យោធា ដែលនាំឱ្យមានភាពដាច់ឆ្ងាយ និងមានការដាក់ទណ្ឌកម្មអន្តរជាតិ៕