(ប៉េកាំង)៖ មហាសន្និបាតសភាដំណាងប្រជាជនទូទាំងប្រទេសចិនប្រចាំឆ្នាំបានសម្ពោធបើក លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិន ក្នុងមហាសនិ្នបាត។ ល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ពិភពលោក ត្រូវបានប្រទេសចិនកំណត់ថានឹងលើសពី៦ភាគរយ។

ការប៉ានប្រមាណភាគច្រើនរបស់មជ្ឈដ្ឋានខាងក្រៅចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិន គឺខ្ពស់ជាង៦ភាគរយ ការប៉ាន់ប្រមាណរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ គឺឆ្នាំនេះ ប្រទេសចិននឹងកើនឡើង៨.១ភាគរយ។ ប៉ុន្តែ ប្រទេសចិនកំណត់ល្បឿនកំណើនសេដ្ឋកិច្ចលើសពី៦ភាគរយ គឺមានន័យថា ៦ភាគរយជាតួលេខទាបបំផុត ថែមទាំងដាក់ពាក្យ «លើសពី» ដែលខុសគ្នានឹង «ប្រហែល» ដែលបានចែងនៅឆ្នាំមុនៗ ដូច្នេះល្បឿនកំណើនសេដ្ឋកិច្ចចិនជាក់ស្តែងក្នុងឆ្នាំនេះ ប្រហែលនឹងខ្ពស់ជាងតួលេខនេះ ។

នៅឆ្នាំ២០២០ ប្រទេសចិនមិនបានប្រកាសគោលដៅអំពីល្បឿនកំណើនសេដ្ឋកិច្ចចិនទេ ប៉ុន្តែក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះបានលេចចេញតួលេខល្បឿន កំណើនសេដ្ឋកិច្ចចិនម្តងទៀត នេះមិនមែនជារឿងដែលនឹកមិនដល់នោះទេ ហើយនេះគឺជាព្រឹត្តិការណ៍ដែលបានគិតពិចារណាដល់សភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន។ ហេតុអ្វីបានជានៅឆ្នាំ២០២០ ប្រទេសចិនមិនបានកំណត់ល្បឿនកំណើនសេដ្ឋកិច្ចដែលខុសប្លែកពីធម្មតា នេះគឺជាចំណាត់ការពិសេសក្នុងគ្រាពិសេស ។ នៅកាលនោះ ជំងឺកូវីដ១៩ កំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក សេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជាកម្រិតខ្ពស់ សេដ្ឋកិច្ចចិនដែលបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ជាមួយសេដ្ឋកិច្ចសកលក៏រងការប្រឈមមិនតិចទេ។

ការកំណត់គោលដៅមួយដែលមិនសមស្របនឹងសភាពការណ៍ជាក់ស្តែង មិនប្រសើរជាងមិនកំណត់តួលេខល្បឿនកំណើនសេដ្ឋកិច្ច នេះទើបជាទង្វើដែលមានទំនួលខុសត្រូវ ។
ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ស្ថានភាពបានខុសគ្នាយ៉ាងស្រឡះហើយ។ សេដ្ឋកិច្ចចិនបានវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗកើនឡើងជាទូទៅ ខណៈផលិតផលក្នុងស្រុកសរុបរបស់ចិនបានវាយទម្លុះ១រយទ្រីលានយាន់ប្រាក់ចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់នៅលើពិភពលោកដែលបានសម្រេចបាននូវ កំណើនវិជ្ជមាន។

ដូច្នេះប្រទេសចិនមានលក្ខខណ្ឌដ៏គ្រប់គ្រាន់សម្រាប់កំណត់ល្បឿនកំណើនសេដ្ឋកិច្ចតាមសភាពការណ៍ជាក់ស្តែងរបស់ខ្លួន។ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចចិនមាន កម្រិតខ្ពស់ណាស់ ហើយទន្ទឹមនឹងនេះក៏មានកម្លាំងចលករផ្ទៃក្នុងយ៉ាងខ្លាំងផងដែរ ថែមទាំងមានឧត្តមភាពខាងប្រព័ន្ធរបប។ ប្រទេសចិនមានសមត្ថភាពចម្រុះសម្រាប់ទប់ទល់ នឹងការប្រឈមគ្រប់បែបយ៉ាង ក្នុងន័យរក្សាបាននូវការវិវឌ្ឍរីកចម្រើននិងស្ថិរភាព។ ព្រមពេលជាមួយគ្នានេះ បច្ចុប្បន្នសង្គមចិនមានជំនឿចិត្តខ្លាំងបំផុតបន្ទាប់ពីបានកើតមាន សង្គ្រាមពាណិជ្ជកម្ម រីឯពិភពលោកក៏មានសុទិដ្ឋិនិយមថែមទៀតចំពោះប្រទេសចិនផងដែរ។ រហូតដល់មជ្ឈដ្ឋានខាងក្រៅបាននាំគ្នាពិភាក្សាថាផលិតផលក្នុងស្រុកសរុបរបស់ចិន ប្រហែលនឹងលើសពីអាមេរិក មុនពេលកំណត់នៅឆ្នាំ២០២៨។

បើគិតពិចារណាដល់សភាពការណ៍ជាក់ស្តែងរបស់ចិន តួលេខ៦ភាគរយនេះមិនសូវខ្ពស់ទេ ប្រការដែលសំខាន់ជាងនេះទៅទៀតគឺពាក្យ «លើសពី»។ ពាក្យនេះបង្ហាញពីចំណុច យកចិត្តទុកដាក់ចំពោះសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ ហើយក៏ជាគោលដៅនៃការខិតខំប្រឹងប្រែងរបស់ប្រជាជនចិនដែរ។ សេដ្ឋកិច្ចចិនដែលមានទំហំ១រយទ្រីលានយាន់ប្រាក់ចិននឹងបន្ត រក្សាល្បឿនកំណើនលឿនបំផុតក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោកទាំងមូល ហើយល្បឿនកំណើនសេដ្ឋកិច្ចចិន ជាតួលេខលេចធ្លោបំផុតសម្រាប់ ឱ្យពិភពលោកយល់ដឹងពីសង្គមនិយមចិន។ មិនបាច់សង្ស័យឡើយ គ្មានលទ្ធផលណាមួយអាចទទួលបានដោយងាយនោះទេ ឆ្នាំនេះប្រជាជនចិននឹងបន្តបត់ដៃអាវឡើង និងខិតខំតស៊ូជាបន្តទៀត៕