(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសុក្រនេះបានរាយការណ៍ពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦៤ករណីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១។
បើតាម CCSA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៥៤ករណី ជាករណីឆ្លងក្នុងស្រុក ខណៈ១០ករណីផ្សេងទៀត ជាករណីនាំចូល។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២៦,៣០៥ករណី ដែលក្នុងនោះរួមមាន ២៣,៤៧២ករណី ជាករណីឆ្លងក្នុងស្រុក និង ២,៨៣៣ករណីទៀត ជាករណីនាំចូល។ ចំណែកឯអ្នកស្លាប់វិញមានចំនួន៨៥នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ២៥,៦៨៦នាក់ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ៕