(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអំពាវនាវឲ្យមានការលើកលែង ចំពោះសិទ្ធិប៉ាតង់រហូតដល់ចុងបញ្ចប់ នៃជំងឺឆ្លងរាតត្បាត COVID-19 ដូច្នេះទើបការផ្គត់ផ្គង់វ៉ាក់សាំង អាចកើនឡើងទៅរួច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានអង្គការ WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ថា ប្រទេសនានាដែលមានសមត្ថភាពផលិតវ៉ាក់សាំងដោយផ្ទាល់ខ្លួន គួរតែចាប់ផ្តើមមានការលើកលែង ចំពោះសិទ្ធិកម្មសិទ្ធិបញ្ញាដូចដែលបានចែង ក្នុងបទប្បញ្ញត្តិគ្រាអាសន្នពិសេសពី អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
លោក Tedros បានគូសបញ្ជាក់បន្ថែមថា «បទប្បញ្ញត្តិទាំងនេះ គឺសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។ ប្រសិនបើឥឡូវនេះ មិនមែនជាពេលដែលត្រូវប្រើប្រាស់វាទេ តើគួរតែពេលណាទៅ?»។ ជុំវិញបញ្ហានេះ អង្គការ (WHO) នឹងជួបប្រជុំជាមួយអ្នកតំណាងឧស្សាហកម្មនាពេលឆាប់ៗនេះ ដើម្បីកំណត់ឧបសគ្គនៅក្នុងផលិតកម្ម និងពិភាក្សាអំពីវិធីដោះស្រាយរបស់វា។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានអាមេរិក AP បានរកឃើញរោងចក្រនៅលើទ្វីបចំនួន ៣ ដែលម្ចាស់របស់ពួកគេបាននិយាយថា ពួកគេអាចចាប់ផ្តើមផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 រាប់រយលានដូសបាន ដោយគ្រាន់តែជូនដំណឹងយ៉ាងខ្លីប៉ុណ្ណោះ ប្រសិនបើពួកគេមានឯកសារអំំពីផែនការ និងបច្ចេកទេសច្បាស់លាស់។
ប៉ុន្តែវាសំដៅទៅលើក្រុមហ៊ុនផលិតឱសថធំៗ ដែលបានផលិតវ៉ាក់សាំងចំនួន ៣ ដំបូងដែលត្រូវបានអនុម័តដោយប្រទេសនានាតែប៉ុណ្ណោះ រួមមានក្រុមហ៊ុនផលិតឱសថាអង់គ្លេស AstraZeneca, ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna, និងក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech៕