(វ៉ាស៊ីនតោន)៖ ក្រុមអ្នកសង្កេតការណ៍សង្គ្រាមបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា កងទ័ពអាមេរិកបានចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធការពារថ្មី នៅក្នុងមូលដ្ឋានទ័ពរបស់ខ្លួន ដែលស្ថិតនៅភាគខាងជើងនិងភាគខាងកើតប្រទេសស៊ីរី ដើម្បីការពារប្រឆាំងនឹងការវាយប្រហារណាមួយ ដែលអាចកើតឡើងពីសំណាក់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។
អ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសប្រឆាំងនឹងយន្តហោះដ្រូន និងមីស៊ីលបាញ់ពីលើដល់ដី កំពុងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់អណ្តូងប្រេងអាល់អូម៉ា ដែលស្ថិតនៅក្នុងទីជនបទនៃខេត្ត Deir al-Zour ភាគខាងកើតប្រទេសស៊ីរី។
ក្រុមអ្នកសង្កេតការណ៍បានសង្កត់ធ្ងន់ថា ប្រព័ន្ធការពារបន្ថែមទៀតនឹងត្រូវបានដាក់ពង្រាយនៅប៉ុន្មានថ្ងៃខាងមុខនេះ នៅឯមូលដ្ឋានទ័ពអាមេរិកទាំងអស់នៅភាគខាងជើងនិងភាគខាងកើតនៃប្រទេសស៊ីរី។
គួរបញ្ជាក់ថា ការនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងអាមេរិកទៅលើទីតាំងរបស់កងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសស៊ីរី ដោយកាលណោះបានសម្លាប់យុទ្ធជនជាង ២០នាក់។ រដ្ឋាភិបាលស៊ីរីបានជំរុញម្តងហើយម្តងទៀត ដល់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ឲ្យដាក់សម្ពាធលើសហរដ្ឋអាមេរិកដើម្បីដកកងកម្លាំងឲ្យអស់ចេញពីប្រទេសរបស់ខ្លួន ដោយបានលើកឡើងថាវត្តមានរបស់កងទ័ពអាមេរិកនៅលើទឹកដីស៊ីរី គឺរឿខុសច្បាប់៕