(រ៉ង់ហ្គូន)៖ ការផ្គត់ផ្គង់អគ្គិសនីត្រូវបានកាត់ផ្ដាច់នៅទូទាំងតំបន់ជាច្រើននៃប្រទេសមីយ៉ាន់ម៉ា ដោយសារតែប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីមួយមានបញ្ហាបច្ចេកទេស ខណៈ ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មតវ៉ា។ នេះបើតាមអាជ្ញាធរមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។
ប្រជាជនមីយ៉ាន់ម៉ាបានបង្ហោះសារនៅលើ Twitter និង Facebook ពីការដាច់ចរន្តអគ្គិសនីទូទាំងតំបន់ពាណិជ្ជកម្មនៃទីក្រុងរ៉ង់ហ្គូន នៅម៉ោងប្រមាណជា ១៖៣០នាទី រសៀលថ្ងៃសុក្រនេះ។ ការដាច់ចរន្តអគ្គិសនីនេះក៏ត្រូវបានគេរាយការណ៍នៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ នៅឯផ្នែកជាច្រើនទៀតនៃប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមទាំងទីក្រុងម៉ាកវ៉ៃ (Magway) ជាដើម។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជាក់ថាពួកគេមិនបានកាត់ផ្ដាច់ចរន្តអគ្គិសនីទេ តែវាកើតឡើង ដោយសារបញ្ហាគាំងម៉ាស៊ីន ហើយអគ្គិសនីអាចនឹងមានឡើងវិញនៅល្ងាចនេះ។
គួរបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីកើតមានឡើងនៅចំពេលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិងកំពុងរឹតបន្តឹងលើបណ្ដាញទំនាក់ទំនងនានា ជាពិសេសគឺបណ្ដាញ ទំនាក់ទំនងសង្គមតែម្ដង តាមរយៈការផ្ដាច់សេវាអ៉ិនធើណិតនៅពេលយប់។ ក៏ប៉ុន្តែ ក្រុមបាតុករហាក់ដូចជាមិនបានថមថយកម្លាំងទេ ដោយពួកគេនៅតែបន្តធ្វើ បាតុកម្មតវ៉ាដដែល ដើម្បីទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងអ្នកដែលកំពុងជាប់ឃុំដទៃទៀត ចាប់តាំងពីមានព្រឹត្តិការណ៍ដែលអន្តរជាតិ ចាត់ទុកថាជារដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក៕