(ហាវ៉ាណា)៖ អគ្គនាយកវិទ្យាស្ថានវ៉ាក់សាំង Finlay នៃប្រទេសគុយបា លោក Vicente Verez បានប្រកាសប្រាប់នៅក្នុងសន្និសីទកាសែតមួយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ដែលមានឈ្មោះថា Soberana 02 បានចាប់ផ្ដើមឈានចូលដល់ដំណាក់កាលធ្វើតេស្តសាកល្បងលើកទី៣ ដែលជាដំណាក់កាលចុងក្រោយហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។
លោក Verez បានគូសបញ្ជាក់ប្រាប់ថា «យើងកំពុងឈានចូលដល់ដំណាក់កាលធ្វើតេស្តសាកល្បងដ៏សំខាន់ហើយ ដើម្បីបង្ហាញពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់យើង»។ បន្ទាប់ពីត្រូវបានអនុម័តដោយមជ្ឈមណ្ឌលត្រួតពិនិត្យឱសថ និងឧបករណ៍វេជ្ជសាស្រ្តគុយបា កាលពីថ្ងៃពុធសប្ដាហ៍នេះ បេក្ខភាពវ៉ាក់សាំងដែលផលិតក្នុងស្រុកនេះ នឹងចាប់ផ្តើមចាក់ជូនដល់អ្នកស្ម័គ្រចិត្តនៅចុងខែមីនានេះហើយ។
ការធ្វើតេស្តសាកល្បងនេះ គ្រោងនឹងទទួលអ្នកស្ម័គ្រចិត្តជាង ៤៤,០០០នាក់ដែលមានអាយុពី ១៩-៨០ឆ្នាំពីទីក្រុងឡាហាវ៉ាន់ (Havana) ដែលជាចំណុចកណ្តាលនៃជំងឺឆ្លងរាតត្បាត COVID-19 ដ៏កាចសាហាវនេះ។ ទន្ទឹមនឹងដែរ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំៗ ចំនួន៥០កន្លែង ក៏នឹងត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះផងដែរ ខណៈផលិតកម្មខ្នាតធំរបស់វ៉ាក់សាំង Soberana 02 កំពុងដំណើរការនៅឯមជ្ឈមណ្ឌលជាតិជីវចំរុះ។
គួរបញ្ជាក់ថា ប្រទេសគុយបា រំពឹងថានឹងចាក់វ៉ាក់សាំងជូនដល់ប្រជាជនទាំងមូលរបស់ខ្លួន នៅឆ្នាំ២០២១នេះ ខណៈប្រទេសនេះត្រៀមនឹងចែកចាយវ៉ាក់សាំង Soberana ០២ ចំនួន១លានដូសដំបូង នៅត្រឹមខែមេសា៕