(សិង្ហបុរី)៖ ការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយសន្តិវិធីអាចនឹងធ្វើទៅរួច ដរាបណាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងកិច្ចសន្ទនាដ៏ពិប្រាកដ និងដោយផ្ទាល់។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីសា្នន (Vivian Balakrishnan) ធ្វើការកត់សម្គាល់បែបនេះកំឡុងឆ្លើយតបទៅនឹងសំនួររបស់សមាជិកសភា នៅថ្ងៃសុក្រនេះ។ លោក បាឡាគ្រីសា្ននបានគូសបញ្ជាក់ដូច្នេះថា៖ «យើងសង្ឃឹមថានៅពេលដែលអាជ្ញាធរនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងទីប្រឹក្សារដ្ឋ គឺលោកស្រី អោង សាន ស៊ូជី នោះកិច្ចសន្ទនាមួយនឹងចាប់ផ្ដើមឡើង...ហើយការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយសន្តិវិធី នៅតែអាចធ្វើទៅរួច ដរាបណាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងកិច្ចសន្ទនាដ៏ពិប្រាកដ និងដោយផ្ទាល់»។ តែព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសសិង្ហបុរីរូបនេះក៏បានអះអាងដែរថា «បើសិនជាភាពតានតឹងនៅតែបន្តកើនឡើង នោះវានឹងបង្កការលំបាកដល់គ្រប់ភាគីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីសម្រេចឱ្យបាននូវការផ្សះផ្សាជាតិ»។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កំឡុងការបង្រ្កាបកាលពីថ្ងៃពុធសប្តាហ៍នេះរបស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា លើក្រុមបាតុករប្រឆាំង ការធ្វើរដ្ឋប្រហារ មនុស្សដល់ទៅ៣៨នាក់បានបាត់បង់ជីវិត ដែលបាននាំឲ្យមនុស្សស្លាប់សរុប កើនឡើងដល់ ៥៤នាក់ គិតចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ បានកើតឡើង ដែលត្រូវបានអន្តរជាតិចាត់ទុកថាជារដ្ឋប្រហារយោធា៕