(កង់បេរ៉ា)៖ អូស្រ្តាលីបានស្នើឱ្យគណៈកម្មការសហភាពអឺរ៉ុបពិនិត្យឡើងវិញលើការសម្រេចចិត្តរបស់អ៉ីតាលី ក្នុងការរារាំងការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca មកកាន់ប្រទេសរបស់ខ្លួន ខណៈសង្កត់ធ្ងន់នៅថ្ងៃសុក្រនេះថាការរារាំងនេះ នឹងមិនប៉ះពាល់ដល់ការដាក់ចេញនូវកម្មវិធីចាក់វ៉ាក់សាំងរបស់អូស្រ្តាលីឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។
អ៉ីតាលីដែលគាំទ្រដោយគណៈកម្មការសហភាពអឺរ៉ុប បានរារាំងគម្រោងការនាំចេញនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ប្រមាណ ២៥០,០០០ដូស ទៅកាន់អូស្ត្រាលី បន្ទាប់ពីក្រុមហ៊ុនផលិតឱសថនេះមិនបានបំពេញតាមការសន្យាជាមួយសហភាពអឺរ៉ុប។
រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលី លោក ហ្គ្រេន ហាន់ត៍ (Greg Hunt) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Melbourne ដូច្នេះថា៖ «អូស្ត្រាលី បានលើកឡើងពីបញ្ហានេះជាមួយគណៈកម្មការសហភាពអឺរ៉ុបតាមរយៈបណ្តាញជាច្រើន ហើយជាពិសេសក៏បានស្នើឱ្យគណៈកម្មការសហភាពអឺរ៉ុបពិនិត្យ ឡើងវិញលើសេចក្តីសម្រេចនេះផងដែរ»។
លោក Hunt បានបន្ថែមថាអូស្រ្តាលីបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ចំនួន ៣០ម៉ឺនដូសរួចហើយដែលវានឹងគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន រហូតដល់ផលិតកម្មវ៉ាក់សាំងក្នុងស្រុកកើនឡើង។
គួរបញ្ជាក់ថា អូស្រ្តាលីបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពី០២សប្តាហ៍មុន ដោយកម្មវិធីនេះបានផ្ដល់អាទិភាពជូនដល់បុគ្គលិកជួរមុខ និងពលរដ្ឋវ័យចំណាស់ក្នុងការទទួលបាននូវការចាក់វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ប៉ុន្តែចំនួនវ៉ាក់សាំងនោះ មានកម្រិតចំពេលមានបញ្ហាក្នុងការផ្គត់ផ្គង់នៅទូទាំងពិភពលោក៕