(ប៉េកាំង)៖ ចិននឹងបង្កើនកញ្ចប់ថវិកាយោធាឱ្យបាន ៦.៨ភាគរយបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ខាងមុខនេះ ខណៈមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ ២ នៅលើពិភពលោកមួយនេះ កំពុងពង្រឹងការអភិវឌ្ឍសមត្ថភាព កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចំពោះមុខវិបត្តិ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។
បើតាមរបាយការណ៍កញ្ចប់ថវិកា ចេញផ្សាយនៅថ្ងៃសុក្រនេះ ចិននឹងបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិឲ្យដល់ ១.៣៥៥ទ្រីលានយ័ន (២១០ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២២ បើធៀបទៅនឹងឆ្នាំ២០២១ នេះដែលមានសរុប ១.៣ទ្រីលានយ័ន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកដែលបានចំណាយកញ្ចប់ថវិកាយោធាដល់ទៅខ្ទង់ ៩៣៤ពាន់លានដុល្លារក្នុងមួយឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានរិះគន់យ៉ាងខ្លាំងចំពោះចិន ជុំវិញអ្វីដែលទីក្រុងវ៉ាស៊ីនតោនផ្ទាល់បានចោទប្រកាន់ថា ជាការខ្វះខាតតម្លាភាព នៃការចំណាយលើវិស័យយោធារបស់ចិន ហើយយោធាអាមេរិកក៏បានសង្ស័យផងដែរថា ចិនកំពុងព្យាយាមដណ្ដើមតំណែងរបស់សហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចយោធាលេខមួយ នៅក្នុងតំបន់អាស៊ីខាងកើត៕