សហរដ្ឋអាមេរិកទើបបញ្ចេញចំណាត់ការថ្មី ដើម្បីប្រឆាំងយោធាមីយ៉ាន់ម៉ា ខណៈមនុស្ស ៥៤នាក់ហើយបានស្លាប់នៅក្នុងបាតុកម្ម និងជាង ១,៧០០នាក់ត្រូវបានចាប់ឃុំខ្លួន (Video inside)
05-03-2021 11:48
(វ៉ាស៉ីនតោន)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) សហរដ្ឋអាមេរិកបានបញ្ចេញចំណាត់ការថ្មី ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា សម្រាប់ការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ ដោយហាមឃាត់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនធំៗដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ពីការធ្វើពាណិកម្មក្នុងទម្រង់មួយចំនួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១។
ចំណាត់ការថ្មីខាងលើធ្វើឡើង បន្ទាប់ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានប្រើមធ្យោបាយបង្រ្កាបយ៉ាងចាស់ដៃ ទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារយោធា។ បើតាមអង្គការសហប្រជាជាតិ មនុស្សយ៉ាងហោច ៥៤នាក់ បានបាត់បង់ជីវិត គិតចាប់តាំងតែពីរដ្ឋប្រហារថ្ងៃទី០១ កុម្ភៈ ហើយច្រើនជាង ១,៧០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានអ្នកកាសែត ២៩នាក់ផងដែរ។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា គឺទៅលើក្រុមដែលពាក់ព័ន្ធ នឹងការទម្លាក់រដ្ឋាភិបាលស៉ីវិលរបស់មីយ៉ាន់ម៉ា រួមមានទាំងរដ្ឋមន្រ្តីការពារជាតិ និងក្រុមហ៊ុនចំនួន ០៣ ដែលរកស៊ីក្នុងវិស័យត្បូង និងថ្មមានតម្លៃ។ យ៉ាងណាមិញមកទល់ពេលនេះ រដ្ឋាភិបាលអាមេរិកមិនទាន់បញ្ចេញ ទណ្ឌកម្មកម្រិតធ្ងន់បំផុតរបស់ខ្លួននៅឡើយទេ ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា នោះគឺចំណាត់ការដែលនឹងរាំងខ្ទប់ រាល់ការធ្វើប្រតិបត្តិការផ្នែកហិរញ្ញវត្ថុទាំងអស់ ជាមួយពលរដ្ឋ ឬក្រុមហ៊ុនអាមេរិក ហើយបណ្តេញក្រុមហ៊ុនទាំងឡាយដែលជាប់ឈ្មោះ ចេញពីប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកតែម្តង៕