(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានធ្វើកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិកដើម្បីព្យួរពន្ធសងសឹកលើមុខទំនិញមួយចំនួនរបស់ចក្រភពអង់គ្លេស ព្រមទាំងសន្យាថានឹងធ្វើការរួមគ្នាដើម្បីលុបបំបាត់នូវជម្លោះរវាងក្រុមហ៊ុនផលិតយន្តហោះ Boeing និង Airbus ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Hindustan Times នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។
រដ្ឋាភិបាលអង់គ្លេសបានគូសបញ្ជាក់ថា ការព្យួរពន្ធខាងលើនឹងមានរយៈពេល ៤ខែ ដើម្បីផ្តោតលើការចរចារកដំណោះស្រាយមួយប្រកបដោយតុល្យភាព។ សេចក្តីសម្រេចនេះមានន័យថា មុខទំនិញតួយ៉ាងដូចជាស្រាវីស្គី(Scotch whisky) នំ biscuit និងក្រែមដែលមានក្លិនក្រអូប អាចនាំចូលទៅសហរដ្ឋអាមេរិកដោយមិនចាំបាច់ត្រូវបង់ពន្ធបន្ថែម ២៥ភាគរយឡើយ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេស លោកស្រី Liz Truss បាននិយាយថា «យើងបានយល់ស្របជាមួយសហរដ្ឋអាមេរិកក្នុងការព្យួរពន្ធគយសងសឹកលើមុខទំនិញមួយចំនួនរបស់ចក្រភពអង់គ្លេស រួមបន្ថែមទាំងការដកថ្លៃបន្ថែមចំនួន ២៥ភាគរយលើស្រា Scotch whisky ផងដែរ»។
ការព្យួរពន្ធគយលើពាណិជ្ជកម្មអង់គ្លេស-អាមេរិកនេះ គឺជាប្រការអាទិភាពសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ខណៈដែលប្រទេសទាំងពីរ កំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែទូលំទូលាយ ក្រោយអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ។ ចក្រភពអង់គ្លេសបានលុបពន្ធគយជាឯកតោភាគី លើផលិតផលអាមេរិកមួយចំនួនដោយគ្មានកំណត់កាលពីខែមករាកន្លងទៅ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប៉ុន្តែអតីតរដ្ឋបាលអាមេរិករបស់លោកដូណាល់ ត្រាំ មិនបានទទួលយកការសម្បទានរបស់ចក្រភពអង់គ្លេសនេះទេ។
គួរបញ្ជាក់ថា វិវាទរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជុំវិញបញ្ហាខាងលើ បានចាប់ផ្តើមឡើងដំបូងកាលពីឆ្នាំ២០០៤ ជាឆ្នាំក្រោយពេលដែល Airbus បានវ៉ាដាច់គូប្រជែងអាមេរិករបស់ខ្លួនគឺ Boeing ជាលើកទីមួយ បើគិតអំពីចំនួនយន្តហោះប្រគល់ឲ្យដល់ដៃអតិថិជន។
ពេលនោះបន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងជាមួយ EU កាលពីឆ្នាំ១៩៩២ សហរដ្ឋអាមេរិកបានបើកសំណុំរឿងមួយប្រឆាំងនឹងការផ្តល់ហិរញ្ញវត្ថុពីសំណាក់ EU ឲ្យទៅ Airbus ដែលកើតឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ ដោយដំបូងឡើយខាងអាមេរិកអះអាងថា ថវិកា២២ពាន់លានដុល្លារត្រូវបានផ្តល់ឲ្យដោយមិនស្របច្បាប់ទៅកាន់ Airbus។ ប៉ុន្មានខែក្រោយមក EU ក៏បានចេញសំណុំរឿងប្រឆាំងអាមេរិកវិញ ដោយពីដំបូងឡើយអះអាងថា ជំនួយហិរញ្ញវត្ថុ២៣ពាន់លានដុល្លារត្រូវបានផ្តល់ឲ្យ Boeing ដោយខុសច្បាប់៕