(សេអ៊ូល)៖ កូរ៉េខាងជើងប្រហែលជាកំពុងព្យាយាមចម្រាញ់សារធាតុផ្លុយតូញ៉ូម (plutonium) នៅឯរោងចក្រនុយក្លេអ៊ែរដ៏សំខាន់មួយរបស់ខ្លួន ដើម្បីផលិតអាវុធនុយក្លេអ៊ែរបន្ថែមទៀត។ នេះបើតាមរូបភាពផ្កាយរណប ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។
រូបភាពផ្កាយរណបខាងលើត្រូវបានចេញផ្សាយដោយគេហទំព័រ 38 North ដែលជំនាញតាមដានសកម្មភាពកូរ៉េខាងជើង។ 38 North ដោយផ្អែកលើ រូបភាពផ្កាយរណប បានឱ្យដឹងថារោងចក្រនុយក្លេអ៊ែរដ៏សំខាន់របស់កូរ៉េខាងជើង យុងប៊ីយុន (Yongbyon) មានសកម្មភាពគួរឱ្យសង្ស័យដោយមានផ្សែង ចេញពីរោងចក្រជាច្រើនលើក ចាប់ចុងខែកុម្ភៈ ដល់ដើមខែមីនាកន្លងទៅនេះ។ គេហទំព័រដដែលបានបន្ថែមទៀតថាសកម្មភាពគួរសង្ស័យនេះប្រហែលជា កូរ៉េខាងជើងកំពុងចម្រាញ់សារធាតុផ្លុយតូញ៉ូម សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ហើយវាក៏អាចទៅរួចផងដែរថារោងចក្រខាងលើកំពុងដោះស្រាយ កាកសំណល់សារធាតុវិទ្យុសកម្ម។
គួរបញ្ជាក់ថា ការបញ្ចេញរូបភាពផ្កាយរណបខាងលើ កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនសន្យាថា នឹងបង្កើនការផលិត ក៏ដូចជាអភិវឌ្ឍអាវុធនុយក្លេអ៊ែរឱ្យកាន់តែទំនើប ស្របពេលលោកផ្ទាល់ប្រកាសថាសហរដ្ឋអាមេរិកនឹងមិនកែប្រែគោលនយោបាយ ប្រឆាំងនឹងប្រទេសរបស់លោកឡើយ បើទោះជានរណាធ្វើជាប្រធានាធិបតីអាមេរិកក៏ដោយ៕