(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥៤នាក់បន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀតត្រូវបានរាយការណ៍ថាស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថៃហៅកាត់ថា DDC បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៤៤នាក់ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៣៦ករណីត្រូវបានរកឃើញនៅក្នុងខេត្តសាមុត សាខន (Samut Sakhon), ០៣ករណី នៅក្នុងខេត្តតាក (Tak), ០២ករណី នៅក្នុងទីក្រុងបាងកក (Bangkok), ០១ករណី នៅក្នុងខេត្ត ណាខន ណាយុក (Nakhon Nayok), ០១ករណី នៅក្នុងខេត្តផាធុម ថានី (Pathum Thani), និង ០១ករណីទៀតនៅក្នុងខេត្តឈុនបុរី (Chonburi)។ ចំណែកឯ ១០ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលបានវិលត្រឡប់មកពីបរទេសវិញ។
DDC បានគូសបញ្ជាក់បន្ថែមថា អ្នកជំងឺដែលត្រូវបានរាយការណ៍ថា ស្លាប់នាពេលថ្មីៗនេះ គឺជាបុរសជនជាតិថៃអាយុ ៦៣ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមប្រចាំកាយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៦,១៦២ករណី ក្នុងនោះមានអ្នកស្លាប់ ៨៥នាក់ និងអ្នកជាសះស្បើយ ២៥,៥៦២នាក់៕