(វ៉ាស៊ីនតោន)៖ ក្នុងសុន្ទករថាស្ដីពីគោលនយោបាយការបរទេសកាលពីថ្ងៃទី០៤ ខែកុម្ភៈកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យា ជាសាធារណៈថាលោកនឹងការពារសិទ្ធិមនុស្ស រួមទាំងប្រព័ន្ធពហុភាគីនិយម។ ក៏ប៉ុន្តែមួយថ្ងៃក្រោយមក ការសន្យានេះហាក់ដូចជាត្រូវបានបំភ្លេចចោលទៅវិញ នៅពេលដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC ) នៅថ្ងៃទី០៥ ខែកុម្ភៈបានប្រកាសថារដ្ឋអាជ្ញា ICC លោកស្រី ហា្វទូ បេនស៊ូដា (Fatou Bensouda) មានអំណាចគ្រប់គ្រាន់ស្របច្បាប់ក្នុងការស៊ើបអង្កេតលើការចោទប្រកាន់ជុំវិញបទឧក្រិដ្ឋសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុង តំបន់ West Bank និង Gaza ដែលប្រព្រឹត្តឡើងដោយអ៉ីស្រាអែល។

ក្រសួងការបរទេសអាមេរិក ភ្លាមៗនោះបានរិះគន់យ៉ាងខ្លាំងលើការសម្រេចរបស់ ICC ក្នុងការស៊ើបអង្កេតសកម្មភាពរបស់អ៉ីស្រាអែល។ សហរដ្ឋអាមេរិក ក្ដៅស្លឹកត្រចៀកសាជាថ្មី ក្រោយលោកស្រី Bensouda កាលពីថ្ងៃទី០៣ ខែមីនា ម្សិលមិញនេះបាននិយាយថាលោកស្រីបានបើកការស៊ើបអង្កេតជាផ្លូវការ លើបទឧក្រិដ្ឋសង្រ្គាម នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលនឹងក្លាយជាការធ្វើតេស្ដមួយចំពោះការប្ដេជ្ញាចិត្តរបស់លោក បៃដិន ដើម្បីការពារសិទ្ធិមនុស្ស។

* ដែនអំណាច ឬយុត្តាធិការរបស់ ICC

តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មានដែនអំណាច ឬយុត្តាធិការលើបទឧក្រិដ្ឋដែលប្រព្រឹត្តឡើងដោយរដ្ឋជាសមាជិក, ជនជាតិនៃរដ្ឋជាសមាជិក ឬអ្នក ទាំងឡាយណាត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ដល់តុលាការមួយនេះ។ កាលពីប៉ុន្មានឆ្នាំកន្លងទៅ ប៉ាឡេស្ទីនមិនអាច ដាក់ពាក្យបណ្ដឹងទៅកាន់ ICC បាននោះទេ ដោយសារតែប៉ាឡេស្ទីនមិនទាន់ត្រូវបានចាត់ទុកជា «រដ្ឋមួយ» ជាផ្លូវការ។ នៅឆ្នាំ២០០៩ រដ្ឋអាជ្ញា ICC បានទាត់ ចោលសំណើចូលជាសមាជិករបស់ប៉ាឡេស្ទីន ក្រោមហេតុផលដូចគ្នានេះ។ តែរហូតដល់ឆ្នាំ២០១២ ទើបមហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយ ដែលបានបើកផ្លូវឱ្យប៉ាឡេស្ទីនចូលរួមជាសមាជិកស្ថាប័នអន្តរជាតិមួយចំនួន ក្នុងនោះរួមមានទំាង ICC បើទោះជាមានការជំទាស់ពីសហរដ្ឋអាមេរិកក៏ដោយ។

ប៉ាឡេស្ទីនបានចូលជាសមាជិកតុលាការ ICC នៅឆ្នាំ២០១៥ ដោយនេះជាហេតុផលមួយជំរុញឱ្យរដ្ឋអាជ្ញា ICC លោកស្រី Bensouda បើកការស៊ើបអង្កេត បឋមលើការចោទប្រកាន់ពីបទឧក្រិដ្ឋសង្រ្គាមប្រព្រឹត្តឡើងដោយអ៉ីស្រាអែល។

*ស្ដង់ដារពីររបស់សហរដ្ឋអាមេរិក

តាមការពិតទៅ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងល្អជាមួយ ICC នោះទេ។ កាលពីឆ្នាំ២០០០ អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន បានចុះហត្ថលេខា តែមិនបានផ្ដល់សច្ចាប័នលើលក្ខន្តិកទីក្រុងរ៉ូម ដើម្បីក្លាយជារដ្ឋសមាជិកនៃតុលាការ ICCឡើយ ដោយសារបារម្ភខា្លចកងទ័ព ឬពលរដ្ឋរបស់ខ្លួនត្រូវបានកាត់ទោសពីបទឧក្រិដ្ឋសង្រ្គាម ខណៈសហរដ្ឋអាមេរិកដើរធ្វើសង្រ្គាមជុំវិញពិភពលោក។

នៅខែមីនា ឆ្នាំ២០០២ អតីតប្រធានាធិបតីលោក ចច ដាប់ប៊ែល យូប៊ូសបានប្រកាសថាសហរដ្ឋអាមេរិកនឹងមិនផ្ដល់សច្ចាប័នលើលក្ខន្តិកទីក្រុងរ៉ូមទេ រីឯ សភាអាមេរិកទាំង២ថែមទាំងបានអនុម័តច្បាប់មួយរារាំងមិនឱ្យរដ្ឋ ឬទីភ្នាក់ងារសហព័ន្ធអាមេរិកទាំងអស់ធ្វើកិច្ចសហប្រតិបត្តិការជាមួយតុលាការ ដែលចោទប្រកាន់ប្រឆាំងពលរដ្ឋអាមេរិកទៀតផង។ គោលជំហរបែបនេះចំពោះ ICC របស់សហរដ្ឋអាមេរិកនៅតែរក្សារហូតមកទល់នឹងបច្ចុប្បន្ន។

កាលនៅជំនាន់លោក បារ៉ាក់ អូបាម៉ា សហរដ្ឋអាមេរិកហាក់ដូចជាចូលរួមច្រើនជាមួយ ICC ដោយសារតែនៅកាលណោះលោក អូបាម៉ា ត្រូវការពឹងឱ្យ ICC ចោទប្រកាន់អតីតមេដឹកនាំលីប៊ីលោក មូអាំម៉ា ហ្គាដាហ្វី (Muammar al-Qaddafi) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយគាំទ្រចំពោះការស៊ើបអង្កេត របស់តុលាការអន្តរជាតិមួយនេះលើបទឧក្រិដ្ឋនានានៅក្នុងតំបន់អាហ្វ្រិក ជាពិសេសអំពើឃោរឃៅកើតឡើងក្នុងតំបន់ដាហ្វួរ (Darfur)កាលពីឆ្នាំ២០០៥។

តែផ្ទុយទៅវិញមកដល់ជំនាន់ លោក ដូណាល់ ត្រាំ នយោបាយស្ដង់ដារពីររបស់សហរដ្ឋអាមេរិកលេចឡើងកាន់តែច្បាស់។ នៅខែមីនា ឆ្នាំ២០២០ តុលាការ ICC បានអនុញ្ញាតរដ្ឋអាជ្ញាលោកស្រី Bensouda បើកការស៊ើបអង្កេតលើការចោទប្រកាន់ថាកងទ័ពអាមេរិកបានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាមនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន។ ក្រោយការសម្រេចចិត្តនេះ លោក ដូណាល់ ត្រាំបានចេញបទបញ្ជាប្រតិបត្តិមួយដោយប្រកាសថា ICC គ្មានដែនអំណាច ឬយុត្តាធិការ ស៊ើបអង្កេតលើកងទ័ពអាមេរិក ឬសម្ព័ន្ធមិត្តរបស់អាមេរិកនោះទេ។ មិនតែប៉ុណ្ណោះលោក ត្រាំក៏បានប្រកាសដាក់ទណ្ឌកម្មដោយហាមឃាត់លោកស្រី Bensouda និងមន្ត្រីជាន់ខ្ពស់ ICC ជាច្រើនរូបចូលមកក្នុងសហរដ្ឋអាមេរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។ ក្រុមអ្នកការពារសិទ្ធិមនុស្សបានថ្កោលទោសការដាក់ទណ្ឌកម្មនេះដោយពួកគេនិយាយថា៖ «ទណ្ឌកម្មបែបនេះសមតែដាក់លើអ្នករំលោភសិទ្ធិមនុស្ស មិនមែនដាក់លើមេធាវីដែលនាំអ្នករំលោភសិទ្ធិមនុស្សឡើងតុលាការនោះទេ»

មកទល់នឹងពេលនេះ គេកំពុងទន្ទឹមរង់ចាំមើលថាតើលោក ចូ បៃដិននឹងសម្រេចចិត្តដកទណ្ឌកម្មពីលោកស្រី Bensouda និងមន្ត្រី ICC ហើយថាតើ ការស៊ើបអង្កេតរបស់លោកស្រីលើបទឧក្រិដ្ឋក្នុងតំបន់ Gaza និង West Bank អាចនឹងធ្វើឱ្យលោក បៃដិន កែប្រែចិត្តដែរឬក៏យ៉ាងណា? មានការរំពឹង ជាច្រើនថាលោក បៃដិនមានបំណងស្ដារគោលនយោបាយគាំទ្រ ICC របស់លោក អូបាម៉ាឡើងវិញ ដរាបណាកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តរួចផុត ឬមិន ស្ថិតនៅក្រោមការស៊ើបអង្កេតណាមួយ។

ជាក់ស្ដែងការប្រកាសរបស់លោកស្រី Bensouda កាលពីថ្ងៃទី០៣ ខែមីនាម្សិលមិញនេះ ស្ដីពីការបើកការស៊ើបអង្កេតជាផ្លូវការលើបទឧក្រិដ្ឋសង្រ្គាម នៅក្នុងទឹកដីប៉ាឡេស្ទី នឹងក្លាយជាការធ្វើតេស្ដមួយចំពោះការប្ដេជ្ញាចិត្តរបស់លោក បៃដិន ដើម្បីការពារសិទ្ធិមនុស្ស។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចេញមុខការពារអ៉ីស្រាអែលភ្លាមៗដោយបង្ហាញការប្រឆាំងជំទាស់នឹងការសម្រេចចិត្តរបស់លោកស្រី Bensouda។ «សហរដ្ឋអាមេរិក ជំទាស់ជាដាច់ខាត និងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ។ តុលាការ ICC មិនមានដែនអំណាច ឬយុត្តាធិការលើបញ្ហានេះឡើយ ខណៈអ៉ីស្រាអែលមិនមែនជាសមាជិក ICC»។ នេះជាគឺជាការលើកឡើងរបស់លោក Antony Blinken។

គួរបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងកាលពីឆ្នាំ២០០២មក តុលាការព្រហ្មទណ្ឌអន្តរជាតិ ភាគច្រើនបានចោទប្រកាន់ ឬកាត់ទោសបានតែបុគ្គល ឬអតីត មេដឹកនាំស្ថិតនៅក្នុងតំបន់អាហ្វ្រិកតែប៉ុណ្ណោះ ដោយពួកគេមិនអាចចោទ ឬកាត់ទោសបុគ្គលដែលមកពីប្រទេសមហាអំណាច ឬប្រទេសលោកខាងលិច នោះទេ។ នៅក្នុងសំណុំរឿងដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ ICC ចំនួន១៣ មាន១០សំណុំរឿងនៅក្នុងតំបន់អាហ្រិ្វក៕

ប្រភព៖ Foreign Policy (ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១)