(ញូដេលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅឥណ្ឌា បានឲ្យដឹងថា អាជ្ញាធរនៅរដ្ឋយូតតារប្រាដែស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសបិទនូវកន្លែងទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសនេះ គឺប្រាសាទតាច់ម៉ាហាល់ (Taj Mahal) ជាប៉ុណ្ដោះអាសន្ន បន្ទាប់ពីទទួលបានការគំរាមកំហែងពីការបំផ្ទុះគ្រាប់បែកនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានគូសបញ្ជាក់ឲ្យដឹងថា «ភ្ញៀវទេសចរជាង ១,០០០នាក់ ដែលបានទៅទស្សនានៅឯប្រាសាទ Taj Mahal នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានស្នើសុំឲ្យចាកចេញពីបរិវេណនោះភ្លាមៗ បន្ទាប់ពីអាជ្ញាធរបានទទួលការគំរាមកំហែង ពីការបំផ្ទុះគ្រាប់បែកតាមរយៈការហៅទូរស័ព្ទពី ជនដែលមិនស្គាល់អត្តសញ្ញាណ»។
គួរបញ្ជាក់ថា ប្រាសាទថ្មកែវពណ៌ស Taj Mahal ដែលត្រូវបានសាងសង់ក្នុងឆ្នាំ១៦៥៣ ក្រោមស្នាព្រះហស្តរបស់ព្រះចៅអធិរាជឥណ្ឌា សះចាហាន់ (Emperor Shah Jahan) នៃចក្រភពមូហ្គាល (Mughal Empire) ដើម្បីតម្កល់ព្រះសពព្រះមហេសីទីបីរបស់ព្រះអង្គ មានព្រះនាម ម៉ុមតាសស្មាហាល់ (Mumtaz Mahal) គឺជាទីចាប់អារម្មណ៍ដ៏ធំបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងប្រទេសឥណ្ឌា៕