(ប៉េកាំង)៖ ចាប់ពីថ្ងៃនេះតទៅ ប្រទេសចិនបានឈានចូល «ពេលវេលាមហាសន្និបាតសភាទាំងពីរ» ដែលធ្វើឡើងក្នុងមួយឆ្នាំម្តង ពោលគឺកិច្ចប្រជុំលើកទីបួន នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ និងកិច្ចប្រជុំលើកទីបួន នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ ដែលប្រារព្វធ្វើនៅថ្ងៃទី៤ និងទី៥ខែមិនា ដោយឡែកពីគ្នា នៅក្រុងប៉េកាំង ។
ក្នុងនាមជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍជាតិ៥ឆ្នាំទី១៤ មហាសន្និបាតសភាទាំងពីរក្នុងឆ្នាំ២០២១ ពិតជានឹងមានសារសំខាន់ជាពិសេស។ ក្នុងចំណោមបញ្ហាពិភាក្សាគ្រប់ផ្នែកនៃមហាសន្និបាតសភាទាំងពីរនេះ បញ្ហាដែលប្រជាជនចិនយកចិត្តទុកដាក់បំផុត គឺបញ្ហាពាក់ព័ន្ធដល់ជីវភាពរស់នៅ។
ក្នុងអំឡុងពេល «ផែនការអភិវឌ្ឍជាតិ៥ឆ្នាំទី១៣» ប្រទេសចិនបានទម្លាក់ថវិកាកាន់តែច្រើនឡើងៗ ក្នុងវិស័យជីវភាពរស់នៅរបស់ប្រជាជន ហើយសូចនាករជីវភាពរស់នៅគ្រប់ផ្នែកត្រូវបានកែលម្អជាបន្តបន្ទាប់។ ជាមួយគ្នានេះ ការរកឱកាសការងារជាបញ្ហាសំខាន់បំផុត ក្នុងជីវភាពរស់នៅរបស់ប្រជាជន នៅឆ្នាំ២០២០ ហើយឱកាសការងារថ្មីៗតាមទីក្រុង និងជនបទនៅទូទាំងប្រទេសចិនបានកើនឡើង ១១,៨៦០,០០០នាក់។
រដ្ឋបាលតំបន់នានានៃប្រទេសចិន បានដាក់ចេញគោលនយោបាយជាច្រើនស្តីពី ការកាត់បន្ថយពន្ធដារ បញ្ចុះថ្លៃសេវារដ្ឋបាល ជួយឧបត្ថម្ភសហគ្រាសនិងពង្រីកឱកាសការងារជាដើម ក្នុងន័យជំរុញដោយមានរបៀបរៀបរយនូវ ការស្តារផលិតកម្មឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ ការអភិវឌ្ឍមុខរបរថ្មី និងរូបមន្តថ្មី ក៏ដូចជាបង្កើតឱកាសការងារថ្មីផងដែរ នៅឆ្នាំ២០២១ ខណៈស្ថានភាពប្រកបអាជីពត្រូវបានកែលម្អជាសន្សំៗនិងមានស្ថិរភាពជាទូទៅ។
គោលនយោបាយស្តីពីការធានាឱកាសការងារ និងធានាជីវភាពរស់នៅរបស់ប្រជាជន ទទួលបានប្រសិទ្ធភាពជាបន្តបន្ទាប់ ហើយកំណើនចំណូលរបស់ប្រជាជនដើរស្របគ្នាជាមួយកំណើនសេដ្ឋកិច្ចជាមូលដ្ឋាន។ នៅឆ្នាំ២០២០ ប្រាក់ចំណូលដែលអាចប្រើប្រាស់បាន របស់ប្រជាពលរដ្ឋចិនគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ គឺ៣២,១៨៩យាន់ប្រាក់ចិន ដែលសម្រេចបានតាមពេលកំណត់នូវ គោលដៅដែលប្រាក់ចំណូលអាចប្រើប្រាស់បានរបស់ប្រជាពលរដ្ឋចិន គិតជាមធ្យមក្នុងមនុស្សម្នាក់ៗកើនទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១០ ។ ប្រាក់ចំណូលរបស់ប្រជាជនតាមជនបទ បន្តកើនឡើងលឿនជាងប្រាក់ចំណូលរបស់ប្រជាជនតាមទីក្រុង ហើយគម្លាតប្រាក់ចំណូលរវាងប្រជាជននៅទីក្រុងនិងជនបទ ត្រូវបានបង្រួញតូចថែមមួយកម្រិតទៀត។
ក្រៅពីនេះ គោលដៅស្តីពីជីវភាពរស់នៅរបស់ប្រជាជន ដែលបានលើកឡើងក្នុងមហាសន្និបាតសភាទាំងពីរកាលពីឆ្នាំមុន ក៏ត្រូវបានសម្រេចដោយគាប់ប្រសើរទាំងអស់ផងដែរ។ ប្រព័ន្ធបេឡាជាតិរបបសនិ្តសុខសង្គម មានសុក្រឹតភាពជាបន្តបន្ទាប់ នៅទូទាំងប្រទេសចិន។ មនុស្សដែលចូលរួមការធានារ៉ាប់រងផ្នែកជរាភាព មានចំនួនជិត១ពាន់លាននាក់ អត្រាចូលរួមការធានារ៉ាប់រងខាងសុខាភិបាលជាមូលដ្ឋាន បានលើសពី៩៥ភាគរយ។
ដោយឡែក គោលដៅទុកជាមុនលើវិស័យលំនឹងថ្លែងទំនិញ បានសម្រេចយ៉ាងល្អប្រសើរ រីឯបុព្វហេតុសង្គមដូចជាការអប់រំ វប្បធម៌ ការព្យាបាលជំងឺ សុខាភិបាល កីឡានិងការហាត់ប្រាណជាដើម ក៏ទទួលបានការវិឌ្ឍន៍រីកចម្រើនដោយគ្រប់ជ្រុងជ្រោយផងដែរ។ ការប្រកាន់ខ្ជាប់គោលជំហរបម្រើដល់ប្រជាជន និងមានមនោសញ្ចេតនាស្រឡាញ់ប្រជាជន ជាទស្សនៈអភិបាលកិច្ចរបស់លោក ស៊ី ជីនភីង មេដឹកនាំកំពូលរបស់ប្រទេសចិន ដែលបានគូសបញ្ជាក់ជាបន្តបន្ទាប់ ក្នុងមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនកាលពីឆ្នាំមុនៗ ។
ជាពិសេស ក្នុងអំឡុងពេលមួយឆ្នាំកន្លងមកនេះ ក្នុងបរិបទដែលប្រឈមនឹងកត្តាអវិជ្ជមានជាច្រើន ដូចជាការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម ជានិច្ចកាល រដ្ឋាភិបាលចិនបានប្រកាន់ខ្ជាប់ ការចាត់ទុកជីវភាពរស់នៅរបស់ប្រជាជនជាអាទិភាព ដោយខិតខំប្រឹងប្រែងលើកកម្ពស់កម្រិតធានាដល់ ជីវភាពរស់នៅរបស់ប្រជាជន។
ក្នុងមហាសន្និបាតសភាទាំងពីរឆ្នាំនេះ បានគូសបញ្ជាក់ទៀតថា ការអភិវឌ្ឍមិនត្រឹមតែត្រូវមានគុណភាពខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងក៏ត្រូវផ្តោតសំខាន់ទៅលើជីវភាពរស់នៅរបស់ប្រជាជនទៀតផង ក្នុងន័យសម្រេចបានយ៉ាងពិតប្រាកដនូវគំនិតស្តីពី «ក្តីបំណងរបស់ប្រជាជនជាទិសដៅខិតខំប្រឹងប្រែងរបស់អភិបាលកិច្ច» ក៏ដូចជាធ្វើឱ្យសមិទ្ធផលនៃកំណែទម្រង់ និងការអភិវឌ្ឍនាំមកនូវផលប្រយោជន៍កាន់តែច្រើន កាន់តែជាក់ស្តែងនិងកាន់តែយុត្តិធម៌ដល់ប្រជាជនចិនផងដែរ៕