Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកសភាអាល្លឺម៉ង់៖ «អាមេរិកបរាជ័យក្នុងការជំរុញឲ្យអឺរ៉ុប ដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី» ​​​​(Video inside)

04-03-2021 13:33

(ម៉ូស្គូ)៖ សមាជិកសភាអាល្លឺម៉ង់មកពីគណបក្ស AfD លោក វ៉ាលដឺម៉ា ហឺដត៍ (Waldemar Herdt) បាននិយាយថា សហរដ្ឋអាមេរិកបានទទួលបរាជ័យ ក្នុងការជំរុញឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងរុស្ស៊ី ជុំវិញការចាប់ឃុំខ្លួនមេបក្សប្រឆាំងលោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexey Navalny)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។

កាលពីថ្ងៃអង្គារកន្លងទៅនេះ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី ០៤រូប ដែលមានជាប់ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនលោក Navalny ហើយប៉ុន្មានម៉ោងក្រោយមក ដើម្បីបង្ហាញសាមគ្គីភាពជាមួយអឺរ៉ុប សហរដ្ឋអាមេរិកក៏បានប្រកាស ដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី ០៧រូប រួមទាំងអង្គភាពចំនួន ១៤ របស់រុស្ស៊ីផងដែរ។

ទោះជាយ៉ាងនេះក្តី លោក Waldemar Herdt បានយល់ឃើញថា ទណ្ឌកម្មងថ្មីៗប្រឆាំងនឹងរុស្ស៊ីទាំងអស់នេះ មិនមែនជារឿងថ្មីនោះឡើយ។ លោកបានគូសបញ្ជាក់ នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik នៅថ្ងៃពុធសប្ដាហ៍នេះថា «ប្រតិកម្ម និងការដាក់ទណ្ឌកម្មរបស់អឺរ៉ុប នៅតែមានកម្រិតនៅឡើយ ដោយពួកគេគ្រាន់តែដាក់ទណ្ឌកម្ម ក្រោមការដាក់កំហិតប្រឆាំងនឹងរុស្ស៊ីតែប៉ុណ្ណោះ ពោលគឺមិនបានដើរតាមសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ឬពេញលេញណាមួយ លើទីក្រុងម៉ូស្គូនោះឡើយ»។

គួរបញ្ជាក់ថា រុស្ស៊ីកាលពីថ្ងៃពុធម្សិលមិញបានសន្យាថា នឹងចាត់វិធានការឆ្លើយតប ចំពោះការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយថែមទាំងព្រមានទៀងផងដែរថា អាមេរិក និងអឺរ៉ុបកំពុងប្រលែងលេងជាមួយភ្លើង៕