(ម៉ានីល)៖ អ្នកវិទ្យាសាស្ត្រភ្នំភ្លើងហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសអាសន្នកម្រិតទី ១ ទៅលើភ្នំភ្លើង ភីណាធូបូ (Pinatubo) ដែលមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីភាគពាយ័ព្យរដ្ឋធានីម៉ានីល (Manila) នៃប្រទេសហ្វីលីពីន ដោយសារតែ «សកម្មភាពរញ្ជួយរបស់វា» ត្រូវគេដឹងរួចមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។
វិទ្យាស្ថានវិទ្យាសាស្រ្តសិក្សាពីបន្ទុះភ្នំភ្លើង និងការរញ្ជួយដីនៃប្រទេសហ្វីលីពីន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មានការរញ្ជួយតិចៗ ដែលអាចទាក់ទងទៅនឹងដំណើរការ នៃចលនានៅក្រោមភ្នំភ្លើងនោះ។ យើងមិនទាន់បានប្រទះឃើញ សញ្ញាពីការផ្ទុះភ្នំភ្លើងនោះភ្លាមៗទេ បើទោះជាមានការរញ្ជួយតិចៗសរុប ១,៧៧២ដង នៅក្រោមភ្នំភ្លើង Pinatubo ចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មកនេះក៏ដោយ»។
ជុំវិញបញ្ហានេះ វិទ្យាស្ថានដដែលបានជំរុញឱ្យប្រជាជន ដែលរស់នៅជុំវិញភ្នំភ្លើងជាប់ព្រំប្រទល់នៃខេត្ត ហ្សាមបាលស៍ (Zambales), តាឡាក់ (Tarlac) និងផាមផាំងហ្គា (Pampanga) នៃប្រទេសហ្វីលីពីន និងប្រជាជនដែលរស់នៅលើកោះធំ លូសុន (Luzon) ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចូលទៅកាន់តំបន់ ក្បែររណ្ដៅភ្នំភ្លើងនោះឲ្យសោះ ព្រមទាំងបានព្រមានបន្ថែមទៀតថា «គ្រប់គ្នាត្រូវត្រៀមលក្ខណៈជានិច្ច ចំពោះគ្រោះថ្នាក់នៃការញ្ជួយដី និងការផ្ទុះភ្នំភ្លើង»។
គួរបញ្ជាក់ថា ភ្នំភ្លើង Pinatubo បានផ្ទុះឡើងកាលពីខែមិថុនា ឆ្នាំ១៩៩១ បន្ទាប់ពីមិនបានបញ្ចេញសកម្មភាព អស់រយៈពេល ៤០០ឆ្នាំ។ ការផ្ទុះរបស់វាកាលពីឆ្នាំ១៩៩១ ត្រូវបានពិភពលោកចាត់ទុកថា ជាការផ្ទុះភ្នំភ្លើងដ៏កក្រើកបំផុតកម្រិតទី ២ ប្រចាំសតវត្សរ៍ទី២០៕