(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន កាន់តែសម្លឹងឃើញចិនជាគូប្រជែង ដែលសហរដ្ឋអាមេរិកត្រូវតែប្រឈមមុខ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងខិន (Antony Blinken) បានចាត់ទុកថា ការកើនឡើងនៃសកម្មភាព ប្រកួតប្រជែងជាមួយចិនគឺជា «ការធ្វើតេស្ដភូមិសាស្ត្រនយោបាយដ៏ធំ» នៅក្នុងសតវត្សរ៍ទី ២១ នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។
នៅក្នុងឯកសារមួយមានកម្រាស់ ២០ទំព័រ ស្ដីពីគោលនយោបាយសន្តិសុខជាតិរបស់រដ្ឋបាលលោក ចូ បៃដិន លោក Antony Blinken បានលើកឡើងត្រង់ៗថាចិនគឺជា «ការធ្វើតេស្ដភូមិសាស្ត្រនយោបាយដ៏ធំ» របស់សហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិន... គឺជាគូប្រជែងដ៏មានសក្ដានុពលតែមួយគត់ ដែលអាចប្រមូលកម្លាំងទាំងខាងសេដ្ឋកិច្ច, ការទូត, យោធា និងបច្ចេកវិទ្យា ដើម្បីប្រជែងជាមួយប្រព័ន្ធអន្តរជាតិ ដែលបើកចំហ និងប្រកបដោយស្ថិរភាពរបស់យើង»។
ទោះជាយ៉ាងនេះក្ដី លោក Blinken បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងចិននឹងត្រូវប្រកួតប្រជែងគ្នា នៅពេលដែលត្រូវប្រជែងគ្នា, សហការជាមួយគ្នា នៅពេលចាំបាច់ត្រូវសហការគ្នា ហើយអាចនឹងក្លាយជាគូសត្រូវ នៅពេលត្រូវតែធ្វើជាសត្រូវនឹងគ្នា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសចិន កំពុងប្រឈមមុខនឹងគ្នាលើបញ្ហាជាច្រើនក្នុងនោះរួមមាន ការប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក, ហុងកុង, តៃវ៉ាន់ ព្រមទាំងការធ្វើពាណិជ្ជកម្ម ស្របពេលរដ្ឋបាលលោក បៃដិន នៅតែបន្តអនុវត្តនយោបាយតឹងរ៉ឹងបន្តពីលោក ដូណាល់ ត្រាំ ចំពោះចិនដដែល៕