(រ៉ង់ហ្គូន)៖ មនុស្សយ៉ាងហោច ៣៨នាក់បានស្លាប់កាលពីថ្ងៃពុធសប្ដាហ៍នេះ នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ដែលនេះគឺជាចំនួនអ្នកស្លាប់ ច្រើនបំផុតក្នុងបាតុកម្មតវ៉ា ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់ រដ្ឋាបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈមក។ នេះបើតាមទិន្នន័យពីអង្គការសហប្រជាជាតិ (UN) ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។
លោកស្រី គ្រីស្ទីន ស្ក្រេណឺ ប៊ឺជែណឺ (Christine Schraner Burgener) បេសកជនពិសេសអង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ាន់ម៉ា បានគូសបញ្ជាក់ដូច្នេះថា «ក្នុងពេលតែមួយមនុស្សរហូតដល់ ៣៨នាក់បានស្លាប់ ហើយថ្ងៃនេះ (ថ្ងៃពុធ) គឺជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុត គិតចាប់តាំងពីរដ្ឋប្រហារបានកើតឡើង»។
លោកស្រី Burgener មិនបានបញ្ជាក់ព័ត៌មានអ្វីលម្អិតផ្សេងពីនេះឡើយ ដោយគ្រាន់តែបានសរុបតួលេខឱ្យដឹងថា ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ មនុស្សច្រើនជាង ៥០នាក់ហើយ បានស្លាប់នៅក្នុងបង្រ្កាបរបស់យោធា។
គួរបញ្ជាក់ថា បើតាមសមាគមផ្ដល់ជំនួយ សម្រាប់អ្នកទោសនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ មនុស្សច្រើនជាង ១,២០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន ៩០០នាក់កំពុងប្រឈមមុខនឹង បទចោទប្រកាន់តាមផ្លូវតុលាការ៕