(អាមេរិក)៖ នៅទីបំផុតការធ្វើតេស្តនាវាអវកាស SN10 បានបញ្ចប់កាលពីល្ងាចថ្ងៃពុធ (ពេលវេលានៅរដ្ឋតិចសាស់) ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ (ពេលវេលានៅភ្នំពេញ) ដោយទទួលបានជោគជ័យ ប៉ុន្តែនៅក្រោយពេលចុះចតវិញ តែប៉ុន្មាននាទីប៉ុណ្ណោះ វាក៏បានផ្ទុះឆេះយ៉ាងកញ្ជ្រោលតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន space.com។
នាវាអវកាសគំរូ SN10 ត្រូវបានបញ្ជាឲ្យហោះឡើង ទៅក្នុងរយៈកម្ពស់ ១០គីឡូម៉ែត្រ ហើយនិងបានហោះបង្ហាញសមត្ថភាពផងដែរ រួចទើបវាត្រូវបានបញ្ជាឲ្យចុះចតវិញ។ សកម្មភាពហោះហើរ និងចុះចតមកវិញនេះ បានប្រើប្រាស់ពេលសរុប ៦នាទី និង ២០វិនាទី។ យ៉ាងណាក៏ដោយ នៅរយៈពេល ៨នាទីក្រោយការចុះចត នាវាអវកាស SN10 បានផ្ទុះឆេះយ៉ាងកញ្ជ្រោល។
សរុបសេចក្តីមក SN10 បានទទួលជោគជ័យធំធេងជាងការធ្វើតេស្ត SN8 និង SN9 ដោយសារតែការហោះហើរឡើងទៅលើអាកាស និងការបញ្ជាវាឲ្យចុះចតមកវិញលើទីលាន មានសភាពរលូនដូចការរំពឹងទុក។ នៅក្រោយពេលចុះចត ជំនួយការវិស្វកររបស់ SpaceX គឺលោក ចន អ៊ីនស្ព្រាក់កឺ (John Insprucker) បានថ្លែងថា «លើកទីបីនេះ គឺពិតជាស្រស់ស្រាយ ដូចអ្វីដែលបាននិយាយដូច្នោះឯង... យើងបានធ្វើការចុះចតយ៉ាងជោគជ័យ និងរលូននៅលើទីលានចុះចត ដែលរៀបចំឡើងសម្រាប់ការធ្វើតេស្តនាវាអវកាស SN10»។
យ៉ាងណាក៏ដោយ រឿងរ៉ាវនៅមិនទាន់ចប់នោះឡើយ ព្រោះដូចបានបញ្ជាក់ខាងលើនេះហើយថា រយៈពេល ៨នាទីក្រោយការចុះចត អណ្តាតភ្លើងបានចាប់ផ្តើមបង្ហាញខ្លួន ពីផ្នែកខាងក្រោមរបស់នាវា SN10 ហើយនៅទីបំផុត វាក៏ត្រូវបានបញ្ចប់ដោយការផ្ទុះ ចេញជាអណ្តាតភ្លើងយ៉ាងកញ្ជ្រោល។ គ្រប់គ្នាកំពុងរង់ចាំការពន្យល់បន្ថែមពី SpaceX ជុំវិញករណីថ្មីនេះ៕