(អាហ្វ្រិក)៖ ក្រសួងសុខាភិបាលនៃប្រទេសរវ៉ាន់ដា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអាហ្រ្វិកមួយនេះ នឹងទទួលបានវ៉ាកសាំងបង្ការជំងឺ COVID-19 ជំហានដំបូងពីកម្មវិធី COVAX របស់អង្គារសុខភាពពិភពលោកនៅល្ងាចថ្ងៃពុធនេះ(ម៉ោងនៅក្នុងតំបន់)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅយប់ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ចំនួន ២៤០,០០០ដូស និងវ៉ាក់សាំង Pfizer ចំនួន ១០២,៩៦០ដូស នឹងមកដល់ប្រទេសរវ៉ាន់ដាក្រោមកម្មវីធី COVAX របស់អង្គការសុខភាពពិភពលោក នៅល្ងាចថ្ងៃពុធ(ម៉ោងក្នុងតំបន់)។
វ៉ាក់សាំងទាំងនេះនឹងត្រូវបានប្រើដើម្បីចាក់វ៉ាក់សាំងជូនក្រុមមនុស្សដែលមានហានិភ័យខ្ពស់ចំនួន ១៧១,៤៨០នាក់ ដែលត្រូវបានកំណត់ថាជាក្រុមអាទិភាព ក្នុងនោះរួមមានដូចជាបុគ្គលិកសុខាភិបាលជួរមុខនិងអ្នកដែលមានអាយុលើសពី ៦៥ឆ្នាំជាដើម។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃប្រទេសរវ៉ាន់ដាលោក Daniel Ngamije បានលើកឡើងយ៉ាងដូច្នេះថា«យើងរីករាយដែលបានទទួលវ៉ាក់សាំង AstraZeneca និង Pfizer ជាជំហានដំបូងទាំងនេះ តាមរយៈមជ្ឈមណ្ឌល COVAX ហើយសូមកោតសរសើរចំពោះភាពជាដៃគូជាមួយក្រុមគ្រួសារអង្គការសហប្រជាជាតិ(WHO) ព្រមទាំងក្រុមហ៊ុនអ្នកផលិតដែលបានធ្វើឲ្យមានលទ្ធភាពបែបនេះ»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសរវ៉ាន់ដាបានកត់ត្រាករណីឆ្លងនៃជំងឺ COVID-19 សរុបចំនួន ១៩,១១១ករណី ក្នុងនោះស្លាប់ ២៦៥ និងជាសះស្បើយ ១៧,៤៧២៕