(បាងកក)៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃលោក ឥទ្ធិពល ឃុនផ្លឿម (Itthiphol Khunpluem) នៅថ្ងៃពុធនេះបាននិយាយថា ប្រទេសថៃអាចនឹងប្រារព្ធពិធីបុណ្យសង្រ្កានចូលឆ្នាំរបស់ខ្លួនឡើងវិញនៅឆ្នាំនេះ ដែលជាធម្មតាប្រព្រឹត្តទៅនា ពាក់កណ្ដាលខែមេសាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។
ពិធីបុណ្យសង្រ្កានចូលឆ្នាំថ្មី ដែលនិយមមានការលេងបាញ់ទឹកដាក់គ្នា ត្រូវបានលុបចោលនៅប្រទេសថៃ កាលពីឆ្នាំមុន ដោយសារតែការព្រួយបារម្ភអំពីជំងឺ COVID-19។ យោងតាមរដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃបានឲ្យដឹងថា នៅឆ្នាំនេះវាអាចត្រូវបានអនុញ្ញាតឲ្យរៀបចំឡើងវិញ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែមេសា ដោយសារតែស្ថានភាពជំងឺរាតត្បាតក្នុងតំបន់ មានភាពប្រសើរឡើងជាងមុន។
ទោះយ៉ាងណាលោក (Itthiphol បាននិយាយថា អាជ្ញាធរនៅមិនទាន់មានគោលការណ៍អនុវត្តវិធានការណ៍ រក្សាគម្លាតសុវត្ថិភាពសង្គម ដើម្បីទប់ស្កាត់លទ្ធភាពនៃការរីករាលដាលរបស់ជំងឺ COVID-19 ដែលអាចកើតមានឡើងក្នុងចំណោមអ្នកចូលរួមពិធីបុណ្យនេះ នៅតាមទីប្រជុំជន ដែលមានមនុស្សច្រើននៅឡើយទេ។ ទន្ទឹមនឹងនោះរដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា ពិធីបុណ្យសង្រ្កានចូលឆ្នាំថ្មីនេះ ត្រូវបានគេជឿជាក់ថា នឹងជួយជំរុញឧស្សាហកម្មទេសចរណ៍នៅទូទាំងប្រទេសផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះប្រទេសថៃបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៥នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះបន្តកើនដល់ ២៦,១០៨នាក់៕