(ស៉ីដនី)៖ ព្យុះត្រូពិកស៉ីក្លូននៃឆ្នេរសមុទ្រភាគឦសានប្រទេសអូស្រ្តាលី ត្រូវបានគេព្យាករថានឹងមានឥទ្ធិពលកើនឡើងយ៉ាងខ្លាំងពេញមួយថ្ងៃពុធ និងពេញមួយយប់នេះ តែម្ដង ដោយមានកម្លាំងខ្យល់បក់បោកយ៉ាងខ្លាំងទៅលើផ្នែកខ្លះនៃឆ្នេរសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។
គិតត្រឹមព្រឹកថ្ងៃពុធនេះ ព្យុះត្រូពិកស៉ីក្លូននីរ៉ាន (Cyclone Niran) បានបំប្លែងខ្លួនជាប្រភេទព្យុះកម្រិតទី២ ដោយមានល្បឿនខ្យល់បក់ពី ១០០គីឡូម៉ែត្រក្នុងមួយម៉ោង រហូតដល់ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែក្រុមអ្នកឧតុនិយមរំពឹងថា ព្យុះត្រូពិក Cyclone Niran នឹងបំប្លែងខ្លួនជាប្រភេទព្យុះកម្រិតទី៣ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ខណៈវាបានបង្កើនល្បឿនខ្យល់បក់ក្នុងទិសដៅពីទិសអាគ្នេយ៍ដែលមានចម្ងាយឆ្ងាយពីឆ្នេរសមុទ្រគួរសមដែរ។
ការិយាល័យឧតុនិយមអូស្រ្តាលី បានគូសបញ្ជាក់ថាព្យុះត្រូពិក Cyclone Niran ត្រូវបានគេរំពឹងថានឹងនៅតែបន្ដធ្វើដំណើរយឺតៗសំដៅឆ្ពោះទៅកាន់ ឆ្នេរសមុទ្រភាគខាងជើងនៃរដ្ឋឃ្វីនឡែន (Queensland) ក្នុងរយៈពេល ២៤ម៉ោងទៀត ។
គួរបញ្ជាក់ថា អាជ្ញាធរអូស្ត្រាលីនៃរដ្ឋ Queensland ប្រកាសថាអ្នកស្រុកទាំងអស់គួរតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រកាសជាផ្លូវការបន្តបន្ទាប់ទៀត ហើយត្រូវប្រយ័ត្នចំពោះគ្រោះថ្នាក់ ជាពិសេសគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់៕