យោធាមីយ៉ាន់ម៉ាចោទប្រកាន់អ្នកកាសែត៦នាក់ ក្នុងនោះរួមទាំងអ្នកថតរូបរបស់ AP ម្នាក់ផងដែរ (Video inside)
03-03-2021 15:48
(មីយ៉ាន់ម៉ា)៖ អាជ្ញាធរនៃរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបានធ្វើការចោទប្រកាន់ ទៅលើអ្នកថតរូបម្នាក់របស់ទីភ្នាក់ងារព័ត៌មាន AP និងអ្នកកាសែត ០៥រូបផ្សេងទៀតសរុប ០៦រូប ជុំវិញការផ្ដិតយករូបភាព និងសេចក្ដីរាយការណ៍ព័ត៌មានរបស់ពួកគេ ជុំវិញបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារយោធា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។
អ្នកថតរូបមកពីទីភ្នាក់ងារព័ត៌មាន AP លោក ធេន ហ្សរ (Thein Zaw) មានអាយុ ៣២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ខណៈរូបលោកកំពុងផ្តិតយករូបភាព នៃការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា នៅឯទីក្រុងរ៉ង់ហ្គូន។ លោក Thein Zaw និងអ្នកកាសែត ០៥រូបទៀត ត្រូវបានចោទប្រកាន់នៅក្រោម ច្បាប់មួយដែលប្រឆាំងនឹង «ការបង្កភាពភ័យខ្លាច» និងផ្សព្វផ្សាយព័ត៌មានមិនពិត ឬបង្កការរំខានដោយផ្ទាល់ ឬដោយប្រយោលចំពោះបុគ្គលិករដ្ឋាភិបាល។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅតែបន្តកើតមានក្នុងទីក្រុងរ៉ង់ហ្គូន និងទីក្រុងផ្សេងទៀតរបស់មីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បើទោះជាមានការព្រមានបង្ក្រាបពីយោធាក៏ដោយ ហើយមកទល់នឹងពេលនេះមនុស្សយ៉ាងហោច ២១នាក់ហើយបានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងបាតុករគិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈមក។ នៅថ្ងៃពុធនេះក៏មានសេចក្តីរាយការណ៍ ពីការប្រើប្រាស់ឧស្ម័នបង្ហូរទឹក ដើម្បីបាញ់បំបែកក្រុមបាតុករ នៅក្នុងទីក្រុងរ៉ង់ហ្គូនផងដែរ៕